រូបភាពគតិយុត្តរបស់គ្រឹះស្ថានដែលធ្វើប្រតិបត្តិការធនាគារ

ច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ១៩៩៩ ជាពិេសស មាត្រា ១ បានផ្តល់និយមន័យដល់ “ធនាគារ” ថាជានីតិបុគ្គលដែលមាននីតិសម្បទាពិសេសក្នុងការជ្រើសរើសយកប្រតិបត្តិការធនាគារជាមុខរបរប្រក្រតី។ តើនីតិបុគ្គលប្រភេទណា ឬគ្រឹះស្ថានត្រូវមានរូបភាពគតិយុត្ត ឬទម្រង់បែបណា ទើបអាចត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការធនាគារបាន? អត្ថបទនេះពិភាក្សា និងឆ្លើយដោយសង្ខេបទៅនឹងសំណួរដែលបានលើកឡើងខាងដើមនេះ។ អត្ថបទនេះ នឹងមិនពិភាក្សាអំពីលក្ខខណ្ឌតម្រូវផ្សេងទៀតដើម្បីទទួលបានការអនុញ្ញាតក្នុងការធ្វើអាជីវកម្មធនាគារឡើយ។

ច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជំពូកទី ៣ ដែលមានចំណងជើងថា “រូបភាពគតិយុត្តរបស់គ្រឹះស្ថានចំណុះច្បាប់នេះ” បានកំណត់រូបភាពគតិយុត្ត ឬប្រភេទនៃនីតិបុគ្គលដែលអាចត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្មធនាគារ ដូចខាងក្រោម៖

១. ក្រុមហ៊ុនភាគហ៊ុននៃច្បាប់ពាណិជ្ជកម្ម៖

យោងមាត្រា ១១ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្រឹះស្ថានដែលអាចធ្វើអាជីវកម្មធនាគារត្រូវតែបានបង្កើតឡើង ក្រោមរូបភាពជាក្រុមហ៊ុនភាគហ៊ុននៃច្បាប់ពាណិជ្ជកម្ម។ តើក្រុមហ៊ុនភាគហ៊ុននៃច្បាប់ពាណិជ្ជកម្មជាក្រុមហ៊ុនបែបណា?

ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មដែលត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ២០០៥ បានកំណត់ទម្រង់ ២ ប្រភេទនៃក្រុមហ៊ុនដែលធ្វើពាណិជ្ជកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទម្រង់ ទី១ គឺជាក្រុមហ៊ុនសហកម្មសិទ្ធិ ដែលត្រូវបានបែងចែកជាក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ និងក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត។ ទម្រង់ ទី២ គឺជាក្រុមហ៊ុនមូលធន ដែលត្រូវបានបែងចែកជា ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត។ (មាត្រា ១ នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម) តើក្រុមហ៊ុនទាំង ២ ទម្រង់ខាងលើ សុទ្ធតែអាចធ្វើអាជីវកម្មធនាគារបាន ឬយ៉ាងណា? 

មាត្រា ៨ នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មបានកំណត់ថា ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ គឺជាកិច្ចសន្យារវាងបុគ្គលពីរ ឬច្រើនដែលដាក់រួមគ្នានូវទ្រព្យសម្បត្តិ ចំណេះដឹង ឬសកម្មភាពរបស់បុគ្គលទាំងនោះ ដើម្បីប្រកបពាណិជ្ជកិច្ចរួម ក្នុងគោលបំណងរកប្រាក់ចំណេញ។ មាត្រា ២៤ នៃច្បាប់ដដែលចែងថា សមាមាត្រនៃផលប្រយោជន៍របស់សហកម្មសិទ្ធិករទូទៅម្នាក់ៗ នៅក្នុងទ្រព្យសម្បត្តិ ប្រាក់ចំណេញ និងការខាតបង់គឺស្មើគ្នា លើកលែងតែមានការចែងផ្សេងនៅក្នុងកិច្ចសន្យា។ មាត្រា ៤២ នៃច្បាប់ដដែលនេះបានកំណត់ថា សហកម្មសិទ្ធិករទូទៅទាំងអស់ ត្រូវទទួលខុសត្រូវរួមគ្នា និងដាច់ដោយឡែកពីគ្នានូវកាតព្វកិច្ចទាំងឡាយរបស់ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅនោះ។ តតិយជនត្រូវទាមទារការអនុវត្តកាតព្វកិច្ចបំណុល ឬទ្រព្យសម្បត្តិពីក្រុមហ៊ុនសកម្មសិទ្ធិទូទៅសិន មុននឹងទាមទារពីសហកម្មសិទ្ធិករទូទៅ។ យោងតាម មាត្រា ៤៧ នៃច្បាប់ដដែល ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅមិនអាចបោះចេញ ឬបែងចែកមូលបត្រ ឬប័ណ្ណដែលអាចលក់ដូរបានទៅសាធារណៈជនឡើយ។ ផ្អែកតាមខ្លឹមសារនៃមាត្រាខាងលើ និងជាការបកស្រាយ យើងអាចសន្និដ្ឋានថាក្រុមហ៊ុនសហកម្មសិទ្ធិករទូទៅ មិនជាក្រុមហ៊ុនភាគហ៊ុន ហើយក្រុមហ៊ុន ឬគ្រឹះស្ថានដែលបានបង្កើតក្រោមទម្រង់ ឬរូបភាពគតិយុត្តបែបនេះមិនអាចធ្វើប្រតិបត្តិការធនាគារបានឡើយ។

អនុលោមតាមមាត្រា ៦៥ នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត គឺជាកិច្ចសន្យាដែលធ្វើឡើងរវាងសហកម្មសិទ្ធិករទូទៅម្នាក់ ឬច្រើននាក់ ដែលមានបុគ្គលម្នាក់ត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រង និងមានកាតព្វកិច្ចនៅក្នុងក្រុមហ៊ុនជាមួយសហកម្មសិទ្ធិករមានកម្រិតម្នាក់ ឬច្រើននាក់ ដែលមានកាតព្វកិច្ចបង់ភាគទុនចូលទៅក្នុងក្រុមហ៊ុនសហកម្មសិទ្ធិនោះ។ មាត្រា ៨៤ នៃច្បាប់ដដែលបានកំណត់ថាវិធាននៃការគ្រប់គ្រងក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ក៏ត្រូវអនុវត្តចំពោះក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតដែរ។ ហេតុដូចនេះ យើងអាចសន្និដ្ឋានថាក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត ក៏មិនមែនជាក្រុមហ៊ុនភាគហ៊ុន ហើយក៏មិនអាចធ្វើប្រត្តិបត្តិការធនាគារបានដែរ។

មាត្រា ៨៥ នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត មិនអាចបង្កើតឡើងក្រោមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ក្នុងគោលបំណងធ្វើអាជីវកម្មធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនឥណទានបានឡើយ។ ប៉ុន្តែ មាត្រា ៨៧ នៃច្បាប់ដដែល បានកំណត់ថា ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតគឺជាទ្រង់ទ្រាយមួយនៃក្រុមហ៊ុនមូលធនដែលត្រូវបានអនុញ្ញាតដោយច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ដើម្បីបោះចេញនូវមូលបត្រដែលអាចលក់ជាសាធារណៈបាន។ ផ្នែកតាមខ្លឹមសារនៃមាត្រាខាងលើ និងជាការបកស្រាយ យើងអាចសន្និដ្ឋានបានថា ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតគឺជាទម្រង់ក្រុមហ៊ុន ឬរូបភាពគតិយុត្តដែលអាចត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្មធនាគារ។ ពោលគឺធនាគារ គឺជាក្រុមហ៊ុនដែលមានទម្រង់ ឬរូបភាពគតិតយុត្តជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត។

២. ក្រុមហ៊ុនមិនមែនពាណិជ្ជកម្ម សង្គហសមាគម ឬសហករណ៍

យោងតាមមាត្រា ១១ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្រឹះស្ថានដែលស្ថិតនៅក្រោមច្បាប់នេះ ឬដែលអាចធ្វើអាជីវកម្មធនាគារ ក៏អាចជានីតិបុគ្គលដែលមានរូបភាពគតិយុត្តជាក្រុមហ៊ុនមិនមែនពាណិជ្ជកម្ម សង្គហសមាគម ឬសហករណ៍ដែលស្ថិតនៅក្រោមលក្ខន្តិកៈនីត្យានុកូលដោយឡែក។ ក្រុមហ៊ុនមិនមែនពាណិជ្ជកម្ម សង្គហសមាគម ឬសហករណ៍ត្រូវតែបានប្រមូលផ្តុំគ្នាជាសហព័ន្ធដែលហៅថាអង្គការកណ្តាល។ អង្គការកណ្តាលនេះ ត្រូវទទួលបន្ទុកក្នុងការជម្រុញឱ្យមានភាពរលូតមិនទំនាស់នឹងគ្នា រវាងបណ្តាញនៃគ្រឹះស្ថានដែលចូលជាសមាជិក ហើយធានាដំណើរការឱ្យបានត្រឹមត្រូវ។ ដើម្បីសម្រេចតាមគោលបំណងខាងលើ អង្គការកណ្តាលទាំងនេះត្រូវចាត់វិធានការចាំបាច់ជាអាទិ៍ ដើម្បីធានាឱ្យមានសាច់ប្រាក់ងាយស្រួល និងសាធនភាពនៃគ្រឹះស្ថាននីមួយៗនៃបណ្តាញទាំងមូល។ អង្គការកណ្តាលខ្លួនឯងទាំងនេះ ក៏ត្រូវបានចាត់ទុកជាគ្រឹះស្ថានចំណុះច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែរ។

៣. ក្រុមហ៊ុនក្នុងស្រុក  និងសាខារបស់ធនាគារបរទេស

មាត្រា ១២ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកំណត់ថា គ្រឹះស្ថានចំណុះច្បាប់នេះ ដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា អាចជាក្រុមហ៊ុនក្នុងស្រុក ឬជាសាខារបស់ធនាគារបរទេស។ ហេតុដូចនេះ យើងអាចសន្និដ្ឋានថាក្រុមហ៊ុនដែលអាចប្រកបអាជីវកម្មធនាគារបាន គឺជាក្រុមហ៊ុនដែលបង្កើតតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ពោលគឺត្រូវចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា។ 

ធនាគាបរទេសអាចបង្កើតបុត្រសម្ព័ន្ធ ឬចូលរួមជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុននោះត្រូវមានទម្រង់ ឬរូបភាពគតិយុត្តជាមហាជនទទួលខុសត្រូវមានកម្រិត។ បន្ថែមលើការបង្កើតក្រុមហ៊ុនក្នុងស្រុកដូចបានរៀបរាប់ខាងដើមនេះ ធនាគារបរទេសក៏អាចបង្កើតសាខារបស់ខ្លួនដើម្បីប្រកបអាជីវកម្មធនាគារនៅព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយសាខានេះត្រូវចុះបញ្ជី និងទទួលការអនុញ្ញាតពីអាជ្ញាធរអាណាព្យាបាល និងត្រូវគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

អនុលោមតាមមាត្រា ១៣ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធនាគារបរទេសអាចបើក នៅលើដែនដីនៃព្រះរាជណាចក្រកម្ពុជាបាន នូវការិយាល័យដែលមានសកម្មភាព ខាងព័ត៌មាន សម្ព័ន្ធការ ឬជាតំណាង បន្ទាប់ពីបានទទួលការអនុញ្ញាតជាមុនពីអាជ្ញាធរណាព្យាបាល។ ប៉ុន្តែ ការិយាល័យទាំងនេះមិនអាចធ្វើប្រតិបត្តិការអន្តរការិយកម្មធនាគារ ឬហិរញ្ញវត្ថុ និងការស្វែងរកអតិថិជនបានឡើយ។ ការបោះទីតាំងទាំងនោះ ត្រូវប្រកាន់យកទម្រង់ជាក្រុមហ៊ុននៃច្បាប់ក្នុងស្រុក ឬជាគ្រឹះស្ថានសាមញ្ញ ឬជាអ្នកទទួលសិទ្ធិប្រទានសាមញ្ញ ហើយត្រូវតែមានការចុះក្នុងបញ្ជីពាណិជ្ជកម្មតាមរូបភាពដែលប្រកាន់យក។ ការិយាល័យតំណាងទាំងនេះអាចរក្សាទុកនូវនាមករណ៍ ឬយីហោនៃធនាគារបរទេសដែលខ្លួនតំណាងឱ្យ។ ការអនុញ្ញាតឱ្យបើកការិយាល័យតំណាងមានថិរវេលា ២ ឆ្នាំ ហើយអាចត្រូវបន្តឱ្យបានតែមួយដងគត់។

សូមបញ្ជាក់ជូនថា អត្ថបទនេះមិនមែនជាការផ្តល់ប្រឹក្សាផ្នែកច្បាប់ ឬការផ្តល់យោបល់ផ្នែកច្បាប់ឡើយ។ ប្រសិនបើលោកអ្នកជួបបញ្ហាដូចបានរៀបរាប់ខាងលើនេះ សូមស្វែងរកការប្រឹក្សាផ្នែកច្បាប់ពីមេធាវី។

Categories Commercial Laws_Khmer Texts

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this:
search previous next tag category expand menu location phone mail time cart zoom edit close