គោលការណ៍ទូទៅនៃនីតិការងារ

១. សេចក្តីផ្តើម

ក្នុងអត្ថបទនេះ អធិប្បាយដោយសង្ខេបអំពីគោលការណ៍ទូទៅនៃច្បាប់ការងារ។ ជាទូទៅមុននឹងចាប់ផ្តើមសិក្សាមុខវិជ្ជាណាមួយ ឬសិក្សាច្បាប់ណាមួយ ខ្ញុំតែងតែព្យាយាមស្វែងយល់អំពីគោលការណ៍ ឬគោលគំនិតសំខាន់ៗនៃមុខវិជ្ជា ឬច្បាប់នោះជាមុនសិន  ព្រោះគោលការណ៍ទាំងនោះអាចជួយដល់អ្នកសិក្សា ក្នុងការស្វែងយល់ឲ្យកាន់តែស៊ីជម្រៅពីច្បាប់ការងារនៅកម្ពុជា។ យើងពិនិត្យមើលថាតើគោលការណ៍ទាំងនោះមានអ្វីខ្លះ? តើគោលការណ៍នីមួយៗមានទំនាក់ទំនងរវាងគ្នាយ៉ាងណា? ឬយ៉ាងដូចម៉្តេច?

២. គោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន

គោលការណ៍ដំបូងដែលយើងយកមកពិភាក្សានៅទីនេះ គឺគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន។ គោលការណ៍ស្វ័យភាពនៃបុគ្គលឯកជនគឺជាគោលការណ៍មួយ ក្នុងចំណោមគោលការណ៍គ្រឹះផ្សេងទៀត ដែលគ្រប់គ្រងទំនាក់ទំនងនៃបុគ្គលឯកជន ហើយដែលត្រូវបានកំណត់នៅក្នុងក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា។ មាត្រា ៣ នៃក្រមរដ្ឋប្បវេណីចែងថា “ក្រមនេះគោរពនូវសេរីភាពខាងឆន្ទៈរបស់បុគ្គល និងបញ្ញត្តអំពីទំនាក់ទំនងគតិយុត្តប្រកបដោយសមភាពរវាងបុគ្គលឯកជន ដោយរួមបញ្ចូលទាំងនីតិបុគ្គល។” គោលការណ៍ស្វ័យភាពនៃបុគ្គលឯកជននេះ នៅពេលអនុវត្តចំពោះសកម្មភាពនៃកិច្ចសន្យា វាបានបង្កើតជាគោលការណ៍សេរីភាពនៃកិច្ចសន្យា ហើយគោលការណ៍សេរីភាពនៃកិច្ចសន្យានេះផងដែរ ក៏បានក្លាយជាគោលការណ៍គ្រឹះនៃកិច្ចសន្យា។ ជាក់ស្តែង មាត្រា ៣១១ បានកំណត់និយមន័យជាទូទៅនៃកិច្ចសន្យា ហើយមាត្រា ៦៦៤ នៃក្រមរដ្ឋប្បវេណីបានកំណត់និយមន័យជាពិសេសនៃកិច្ចសន្យាការងារ ដោយផ្អែកលើគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជននេះ។ តទៅនេះ យើងអានមាត្រា ៣១១ នៃក្រមរដ្ឋប្បវេណីទាំងអស់គ្នា។ មាត្រា ៣១១ នៃក្រមរដ្ឋប្បវេណីបានកំណត់ថា “កិច្ចសន្យាគឺជាកិរិយាដែលបុគ្គលពីរនាក់ ឬច្រើននាក់មានឆន្ទៈត្រូវគ្នាព្រមព្រៀងបង្កើត កែប្រែ ឬរំលត់នូវកាតព្វកិច្ច។” ចំណែកឯមាត្រា ៦៦៤ នៃក្រមដដែលក៏ចែងផងដែរថា “កិច្ចសន្យាការងារ ត្រូវបានបង្កើតឡើងដោយការសន្យារបស់ភាគីម្ខាងថាធ្វើពលកម្មឲ្យភាគីម្ខាងទៀត ហើយភាគីម្ខាងទៀតសន្យាថាផ្តល់ប្រាក់ឈ្នួលទៅលើកិច្ចការពលកម្មនោះ។ ភាគីដែលបានសន្យាថាធ្វើពលកម្ម ហៅថាកម្មករនិយោជិត ឯភាគីម្ខាងទៀតនោះហៅថានិយោជក។” បន្ទាប់ពីបានអានមាត្រា ៣១១ និងមាត្រា ៦៦៤ នៃក្រមរដ្ឋប្បវេណី យើងឃើញថាកិច្ចសន្យាទូទៅ និងកិច្ចសន្យាការងារក្តីសុទ្ធតែត្រូវបានគ្រប់គ្រងដោយ ឬទទួលឥទ្ធិពលពីគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន និងគោលការណ៍សេរីភាពនៃកិច្ចសន្យា។

ថ្វីត្បិតតែច្បាប់ស្តីពីការងាររបស់កម្ពុជាពុំមានមាត្រា ឬបញ្ញត្តិពិសេសស្តីពីគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជនឲ្យបានច្បាស់លាស់  ដូចមាននៅក្នុងក្រមរដ្ឋប្បវេណីក៏ដោយ   តែដោយហេតុថាទំនាក់ទំនងការងារក៏ជាទំនាក់ទំនងឯកជន ហើយដែលកើតចេញពីកិច្ចសន្យាការងារ គោលការណ៍ស្វ័យភាពនៃបុគ្គលឯកជនក៏មានឥទ្ធិពលលើខ្លឹមសាររបស់ច្បាប់ ឬបទប្បញ្ញត្តិដែលគ្រប់គ្រងទំនាក់ទំនងការងារ ឬគ្រប់គ្រងវិស័យការងារនេះផងដែរ។  ជាពិសេសបញ្ញត្តិជាច្រើននៃច្បាប់ស្តីពីការងារឆ្នាំ១៩៩៧ ដែលចែងពីកិច្ចសន្យាការងារ បានរំលេចឲ្យយើងឃើញកាន់តែច្បាស់ពីការគោរពគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជននេះ។ ឧទាហរណ៍ មាត្រា ៦៥ ច្បាប់ស្តីពីការងារចែងថា “ កិច្ចសន្យាការងារគឺជាកិច្ចសន្យាដែលបង្កើតឲ្យមានទំនាក់ទំនងផ្នែកការងារ​រវាងកម្មករ​និយោជិត ​និងនិយោជក។​ កិច្ចសន្យានេះត្រូវនៅក្រោមវិធានអាជ្ញាគតិ ហើយអាចនឹងធ្វើទៅតាមទំរង់ដែលភាគីទាំងសងខាងព្រមព្រៀងគ្នា។”

តាមរយៈការបង្ហាញអំពីក្រមរដ្ឋប្បវេណី និងច្បាប់ស្តីពីការងារដែលជាច្បាប់គោលទាំងពីរខាងលើនេះ យើងពិនិត្យឃើញ និងអាចសន្និដ្ឋានជារួមថា អនុលោមតាមគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន ក៏ដូចជាគោលការណ៍សេរីភាពនៃកិច្ចសន្យា ទំនាក់ទំនងនៃបុគ្គលឯកជនកើតចេញពីការបង្ហាញឆន្ទៈដោយសេរីរបស់បុគ្គលឯកជននោះ។ ពោលគឺនៅក្នុងទំនាក់ទំនងនៃកិច្ចសន្យាការងារ បុគ្គលមានសេរីភាពមួយចំនួនដែលមានជាអាទិ៍៖

ទី១ បុគ្គលមានសេរីភាពក្នុងការចុះ ឬមិនចុះកិច្ចសន្យាការងារ ពោលគឺច្បាប់មិនបានចាប់បង្ខំឲ្យបុគ្គលណាម្នាក់ត្រូវតែចុះកិច្ចសន្យាការងារ ឬបង្កើតកិច្ចសន្យាការងារនោះទេ។

ទី២ បុគ្គលមានសេរីភាពជ្រើសរើសភាគីនៃកិច្ចសន្យា ពោលគឺកម្មករនិយោជិតមានសេរីភាពក្នុងការចុះកិច្ចសន្យាការងារជាមួយនឹងសហគ្រាសដែលខ្លួនពេញចិត្ត ដូចគ្នានេះដែរ និយោជកក៏មានសេរីភាពក្នុងការជ្រើសរើសកម្មករនិយោជិតឲ្យចូលមកបំពេញការងារ ឬបម្រើការងារឲ្យសហគ្រាសរបស់ខ្លួនផងដែរ។

ទី៣ បុគ្គលមានសេរីភាពកំណត់ពីខ្លឹមសារនៃកិច្ចសន្យា ពោលគឺនិយោជក និងកម្មករនិយោជិតមានសិទ្ធិកំណត់ខ្លឹមសារនៃការព្រមព្រៀងរបស់ខ្លួន ឬខ្លឹមសារនៃកិច្ចសន្យាការងារ ឬលក្ខខណ្ឌការងារនៅក្នុងកិច្ចសន្យាការងាររបស់ខ្លួន និង

ទី ៤ បុគ្គលមានសេរីភាពកំណត់អំពីទម្រង់នៃកិច្ចសន្យារបស់ខ្លួន ពោលគឺកិច្ចសន្យាការងារអាចធ្វើក្នុងទម្រង់ជាលាយលក្ខណ៍អក្សរក៏បាន ឬដោយផ្ទាល់មាត់ក៏បាន ជាទម្រង់ឯកជនក៏បាន ឬជាលិខិតយថាភូតក៏បាន អាស្រ័យលើការព្រមព្រៀងរបស់កម្មករនិយោជិត និងនិយោជក ដែលភាគីនៅក្នុងកិច្ចសន្យាការងារ។

៣. ការរិតត្បិតលើគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន

គោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន ក៏ដូចជាគោលការណ៍សេរីភាពនៃកិច្ចសន្យានេះ អាចអនុវត្តបានតែក្នុងករណីនៃទំនាក់ទំនងដែលភាគីមានឋានៈ ឬស្ថិតនៅទីតាំងស្មើគ្នាតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ  ដោយហេតុថានៅក្នុងទំនាក់ទំនងការងារ នៅក្នុងករណីនៃទំនាក់ទំនងមួយចំនួន ភាគច្រើនកម្មករនិយោជិតស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ច និងសង្គមទាបជាងនិយោជក ច្បាប់ក៏បានធ្វើការកែសម្រួលទៅលើគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជននេះផងដែរ។ តើមានគោលការណ៍អ្វីខ្លះដែលបានកែសម្រួលគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន ក៏ដូចជាគោលការណ៍សេរីភាពនៃកិច្ចសន្យា ឲ្យស្របតាមលក្ខណៈពិសេសនៃទំនាក់ទំនងការងារ?

ទី១ គឺជាគោលការណ៍នៃការហាមឃាត់ការរើសអើង ដែលនាំឲ្យមានការកែប្រែលើសេរីភាពក្នុងការចុះ ឬមិនចុះកិច្ចសន្យាការងារ ហើយព្រមទាំងបានកែប្រែខ្លឹមសារនៃសេរីភាពក្នុងការជ្រើសរើសភាគីនៃកិច្ចសន្យាការងារផងដែរ។ មានន័យថា ជាធម្មតា បុគ្គលមានសិទ្ធិក្នុងការមិនចុះកិច្ចសន្យា ហើយក៏មានសិទ្ធិក្នុងការជ្រើសរើសភាគីនៃកិច្ចសន្យារបស់ខ្លួន។ ប៉ុន្តែច្បាប់ស្តីពីការងារហាមឃាត់និយោជក ដោយមានមូលហេតុនៃការរើសអើង បដិសេធក្នុងការចុះកិច្ចសន្យាការងារជាមួយនឹងកម្មករនិយោជិត។ ឧទាហរណ៍ មាត្រា ១២ (ការមិនរើសអើង) នៃច្បាប់ស្តីពីការងារចែងថា៖

វៀរលែងតែមានបទប្បញ្ញត្តិនៃច្បាប់ការងារនេះបញ្ជាក់ច្បាស់ ឬអត្ថបទដទៃទៀតដែលមានលក្ខណៈជាច្បាប់​ ឬជាបទបញ្ជាដែលការពារស្រ្តីនិងកូនក្មេង ក៏ដូចជាបទប្បញ្ញត្តិទាំងឡាយដែលទាក់ទងនឹងការចូលមកក្នុងប្រទេស និងការស្នាក់នៅនៃជនបរទេសបញ្ជាក់ច្បាស់​ គ្មាននិយោជកណាម្នាក់ អាចយកបញ្ហា៖

  • ពូជសាសន៍
  • ពណ៌សម្បុរ
  • ភេទ
  • ជំនឿ
  • សាសនា
  • គំនិតនិយោបាយ
  • ជាតិកំណើត
  • ដើមកំណើតសង្គម
  • ការចូលជាសមាជិកសហជីពកម្មករនិយោជិត ឬការធ្វើសកម្មភាពក្នុងសហជីព

ដើម្បីជាលេសធ្វើសេចក្តីសម្រេចអំពី៖

  • ការជួល
  • ការកំណត់ និងការបែងចែកការងារ
  • ការបណ្តុះបណ្តាលវិជ្ជាជីវៈ
  • ការតម្លើងថ្នាក់
  • ការតម្លើងឋានន្តរសក្តិ
  • ការផ្តល់កំរៃ
  • ការផ្តល់អត្ថប្រយោជន៍សង្គម
  • វិន័យ ឬការផ្តាច់កិច្ចសន្យាការងារ។

ការបែងចែក ការបដិសេធ ឬការព្រមទទួល​ដែលផ្អែកទៅលើលក្ខណៈសម្បត្តិជាកំណត់សម្រាប់មុខរបរណាមួយ​មិនត្រូវចាត់ទុកជាការរើសអើងឡើយ។

ទី២ គឺលក្ខណៈជាសេចក្តីបង្គាប់សាធារណៈនៃបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ បានកែប្រែលើគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន ដោយបានរឹតត្បិតសេរីភាពរបស់ភាគីនៃកិច្ចសន្យការងារក្នុងការកំណត់ខ្លឹមសារនៃកិច្ចសន្យា ឬលក្ខខណ្ឌការងាររបស់កម្មករនិយោជិត។ ឧទាហរណ៍ មាត្រា ១៣ នៃច្បាប់ស្តីពីការងារកំណត់ថាបទប្បញ្ញត្តិទាំងឡាយនៃច្បាប់ស្តីពីការងារមានលក្ខណៈជាសេចក្តីបង្គាប់ជាសាធារណៈ។ តាមរយៈមាត្រា ១៣នេះ កិច្ចព្រមព្រៀងរវាងនិយោជក និងកម្មករនិយោជិតដែលផ្តល់ផលប្រយោជន៍ដល់កម្មករនិយោជិតតិចជាងអ្វីដែលបានផ្តល់ឲ្យដោយច្បាប់ស្តីពីការងារនេះ ត្រូវចាត់ទុកជាមោឃៈ។ ប៉ុន្តែគោលការណ៍នេះមិនរារំាងការព្រមព្រៀងណាដែលផ្តល់ផលប្រយោជន៍ច្រើនជាងច្បាប់ការងារដល់កម្មករនិយោជិតឡើយ។

ទី៣ ការតម្រូវឲ្យមានភាពច្បាស់លាស់នៃកាលបរិច្ឆេទបញ្ចប់នៃកិច្ចសន្យាការងារដែលមានថិរវេលាកំណត់ គឺជាការកែប្រែលើសេរីភាពក្នុងការកំណត់ទម្រង់នៃកិច្ចសន្យាការងារ។ មាត្រា ៦៧ ចំណុច (១) នៃច្បាប់ស្តីពីការងារចែងថា នៅពេលចុះហត្ថលេខាលើកិច្ចសន្យាការងារ ដែលធ្វើឡើងដោយការព្រមព្រៀងគ្នាដោយមានកំណត់ថិរវេលាពិតប្រាកដ ត្រូវតែមានចែងកាលបរិច្ឆេទច្បាស់លាស់នៃការបញ្ចប់កិច្ចសន្យានោះ។ មាត្រា ៦៧ ដដែលនេះ ត្រង់ចំណុច(៧) ចែងថាកិច្ចសន្យាការងារមានកំណត់ថិរវេលាពិតប្រាកដ ត្រូវធ្វើជាលាយលក្ខណ៍អក្សរ។ បើមិនធ្វើជាលាយលក្ខណ៍អក្សរទេ កិច្ចសន្យានេះក្លាយជាកិច្ចសន្យាគ្មានកំណត់ថិរវេលាពិតប្រាកដ។ 

៤. គោលការណ៍នៃការអនុវត្តសិទ្ធិ និងកាតព្វកិច្ច

ក្រៅពីគោលការណ៍ ដែលនាំឲ្យមានការកែប្រែលើគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន និងគោលការណ៍សេរីភាពនៃកិច្ចសន្យាខាងលើ នៅមានគោលការណ៍ផ្សេងៗទៀតដែលមានឥទ្ធិពលលើការបង្កើតបទប្បញ្ញត្តិនៃច្បាប់ការងារ។ គោលការណ៍ទាំងនេះគឺជាគោលការណ៍ដែលត្រូវបានយកមកប្រើប្រាស់ ក្នុងពេលដែលភាគីនៃកិច្ចសន្យាការងារប្រើប្រាស់សិទ្ធិ និងអនុវត្តកាតព្វកិច្ចរបស់ខ្លួន ហើយដែលគោលការណ៍ទាំងនោះ នឹងត្រូវរៀបរាប់ដូចខាងក្រោម៖

ទី១ គោលការណ៍ហាមឃាត់ការប្រើប្រាស់សិទ្ធិដោយបំពាន គឺជាគោលការណ៍ដែលកម្រិតព្រំដែននៃការប្រើប្រាស់សិទ្ធិរបស់ភាគីនៃកិច្ចសន្យាការងារ កុំឲ្យបំពានដោយមិនត្រឹមត្រូវដល់សិទ្ធិ និងផលប្រយោជន៍របស់ភាគីម្ខាងទៀត។ មាត្រា ៤ (ការហាមឃាត់មិនឲ្យប្រើប្រាស់សិទ្ធិដោយបំពាន) ក្រមរដ្ឋប្បវេណី ចែងថា ទោះបីជាសិទ្ធិក៏ដោយ ក៏ពុំត្រូវបានអនុញ្ញាតឲ្យ​ប្រើប្រាស់ដោយបំពានឡើយ។ នៅក្នុងករណីដែលបានប្រើប្រាស់ដោយបំពានហួសពីទំហំនៃការការពារ ដែលត្រូវបានបញ្ញត្តិទុក មិនអាចស្គាល់អនុភាពនៃការប្រើប្រាស់សិទ្ធិនោះឡើយ។

នៅក្នុងទំនាក់ទំនងការងារ ថ្វីត្បិតតែនិយោជកមានសិទ្ធិក្នុងការគ្រប់គ្រងនិងដឹកនាំ   កម្មករនិយោជិត ឬសហគ្រាសរបស់ខ្លួនក៏ដោយ  ក្នុងករណីដែលការប្រើប្រាស់សិទ្ធិនោះដោយមិនត្រឹមត្រូវ ហើយខ្វះមូលហេតុសមរម្យនោះ គឺជាការបំពានលើសិទ្ធិដែលច្បាប់ហាមឃាត់។ ឧទាហរណ៍ ការផ្លាស់ប្តូរវេនការងារ ការកាត់បន្ថយប្រាក់ឈ្នួល និងការប្រើកម្មករនិយោជិតខុសពីជំនាញ គឺជាការប្រើប្រាស់សិទ្ធិដោយបំពានរបស់និយោជក ប្រសិនបើនិយោជកពុំមានហេតុផលសមស្រប និងបានអនុវត្តសិទ្ធិនេះដោយត្រឹមត្រូវទេនោះ។

ម៉្យាងទៀតពាក់ព័ន្ធនឹងគោលការណ៍ហាមឃាត់ការប្រើប្រាស់សិទ្ធិដោយបំពាននេះផងដែរ នៅក្នុងទំនាក់ទំនងការងារ ថ្វីត្បិតតែភាគីមានសិទ្ធិក្នុងការជ្រើសរើសប្រភេទកិច្ចសន្យា ប៉ុន្តែត្រូវប្រើកិច្ចសន្យានេះឲ្យសមស្របនឹងទំនាក់ទំនងការងាររបស់ខ្លួន។ ពោលគឺកិច្ចសន្យាការងារដែលមានថិរវេលាកំណត់ ត្រូវប្រើសម្រាប់ទំនាក់ទំនងការងារដែលមានរយៈពេលខ្លី ចំណែកឯកិច្ចសន្យាការងារដែលមានថិរវេលាមិនកំណត់ ត្រូវប្រើសម្រាប់ទំនាក់ទំនងការងារដែលមានរយៈពេលយូរអង្វែង។ ដើម្បីជៀសវៀងនូវការប្រើប្រាស់សិទ្ធិដោយបំពានដោយភាគីនិយោជក ក្នុងការប្រើប្រាស់កិច្ចសន្យាការងារមានថិរវេលាកំណត់សម្រាប់ទំនាក់ទំនងការងារដែលមានថិរវេលាវែង  ច្បាប់ស្តីពីការងារបានបង្កើតយន្តការដែលបំលែងកិច្ចសន្យាការងារដែលមានថិរវេលាមានថិរវេលាកំណត់ ទៅជាកិច្ចសន្យាការងារដែលមានថិរវេលាមិនកំណត់វិញ ប្រសិនបើទំនាក់ទំនងការងារមានរយៈពេលសរុបលើសពីរយៈពេលអតិបរមាកំណត់ដោយច្បាប់ស្តីពីការងារ។ ឧទាហរណ៍ មាត្រា ៦៧ (២) ច្បាប់ស្តីពីការងារ ចែងថាកិច្ចសន្យាការងារដែលធ្វើឡើងដោយការព្រមព្រៀងគ្នាដោយមានថិរវេលាពិតប្រាកដ មិនអាចមានរយៈពេលលើសពី ២ ឆ្នាំបានឡើយ។ កិច្ចសន្យានេះ អាចបន្តសារជាថ្មីម្តង ឬច្រើនដងបាន ដរាបណាការបន្តសារជាថ្មីនោះមានថិរវេលាអតិបរមាមិនលើសពី ២ ឆ្នាំ។ ការអនុវត្តន៍ផ្ទុយនឹងវិធានខាងដើមនាំឲ្យកិច្ចសន្យាការងារនោះក្លាយជាកិច្ចសន្យាដែលគ្មានកំណត់ថិរវេលាពិតប្រាកដ។

ទី ២ គឺគោលការណ៍នៃភាពសុចរិត និងភាពស្មោះត្រង់ ដែលមានឥទ្ធិពលដល់ការប្រើប្រាស់សិទ្ធិ និងអនុវត្តកាតព្វកិច្ចនៅក្នុងកិច្ចសន្យាការងារ ឬទំនាក់ទំនងការងារ។ គោលការណ៍នៃភាពសុចរិត និងស្មោះត្រង់ត្រូវបានកំណត់នៅក្នុងក្រមរដ្ឋប្បវេណី។ មាត្រា ៥ នៃក្រមរដ្ឋប្បវេណីចែងថា ការប្រើប្រាស់សិទ្ធិ និងការអនុវត្តករណីយកិច្ចត្រូវធ្វើឡើងដោយសុចរិត ផ្អែកតាមភាពស្មោះត្រង់។ ផ្អែកលើគោលការណ៍នៃភាពសុចរិត និងស្មោះត្រង់នេះ មាត្រា ៦៦៦ នៃក្រមរដ្ឋប្បវេណីចែងថា និយោជកមានករណីយកិច្ចយកចិត្តទុកដាក់ដល់ការរក្សារូបកាយ សុខភាពជាអាទិ៍របស់កម្មករនិយោជិត ពីគ្រោះថ្នាក់នៅទីកន្លែងដែលកម្មករនិយោជិតត្រូវធ្វើពលកម្ម សិល្បៈការ្យ នៅក្នុងការធ្វើឧបករណ៍។ លើសពីនេះ មាត្រា ៦៦៧ នៃក្រមរដ្ឋប្បវេណីចែងថាបើគ្មានការយល់ព្រមពីកម្មករនិយោជិតទេ និយោជកពុំអាចធ្វើអនុប្បទានសិទ្ធិនោះទៅឲ្យតតិយជនបានឡើយ។ បើគ្មានការយល់ព្រមពីនិយោជកទេ កម្មករនិយោជិត ពុំអាចឲ្យតតិយជនធ្វើពលកម្មជំនួសខ្លួនបានឡើយ។

ទន្ទឹមនឹងបញ្ញត្តិខាងលើនៃក្រមរដ្ឋប្បវេណី ដែលត្រូវបានបញ្ញត្តិឡើងផ្អែកតាមគោលការណ៍នៃភាពសុចរិត និងស្មោះត្រង់ ច្បាប់ស្តីពីការងារ ត្រង់មាត្រា ៦៩ ចែងថានៅក្នុងក្របខ័ណ្ឌនៃកិច្ចសន្យា កម្មករនិយោជិតត្រូវបញ្ចេញគ្រប់សកម្មភាពវិជ្ជាជីវៈរបស់ខ្លួនដល់សហគ្រាស។ ជាអាទិ៍ កម្មករនិយោជិតត្រូវធ្វើការដែលគេជួលឲ្យធ្វើ ហើយអនុវត្តការនោះដោយខ្លួនឯង និងដោយយកចិត្តទុកដាក់។ ក៏ប៉ុន្តែ ក្រៅពីម៉ោងធ្វើការកម្មករនិយោជិតនោះអាចធ្វើសកម្មភាពខាងវិជ្ជាជីវៈ ដែលមិនប្រណាំងប្រជែងនឹងសហគ្រាសដែលខ្លួនបម្រើ ឬធ្វើឲ្យខូចដំណើរការដែលបានព្រមព្រៀងគ្នា លើកលែងតែមានការព្រមព្រៀងផ្ទុយពីនេះ។

ទី ៣ បទប្បញ្ញត្តិនៃច្បាប់ការងារត្រូវបានតាក់តែងឡើងដោយផ្អែកលើគោលការណ៍នៃការធានានូវសិទ្ធិក្នុងការជ្រើសរើសមុខរបររបស់កម្មករនិយោជិត។ យោងមាត្រា ៣៦ នៃរដ្ឋ ធម្មនុញ្ញ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិជ្រើសរើសមុខរបរសមស្របតាមសមត្ថភាពរបស់ខ្លួន តាមសេចក្តីត្រូវការរបស់សង្គម។ ស្របនឹងគោលការណ៍នេះ មាត្រា ៧០ នៃច្បាប់ស្តីពីការងារកំណត់ថា ត្រូវចាត់ជាមោឃៈដោយពេញច្បាប់ នូវខណាមួយនៃកិច្ចសន្យាដែលហាមឃាត់កម្មករនិយោជិតមិនឲ្យធ្វើសកម្មភាពអ្វីមួយ បន្ទាប់ពីកិច្ចសន្យាបានផុតរលត់។ បន្ថែមពីនេះទៀត មាត្រា ១៥ នៃច្បាប់ស្តីពីការងារ បានចែងថាការងារដោយបង្ខំ ឬជាកាតព្វកិច្ច ត្រូវហាមឃាត់ជាដាច់ខាត ដោយអនុលោមតាមអនុសញ្ញា លេខ ២៩ ស្តីពីការងារដោយបង្ខំ ឬជាកាតព្វកិច្ច អនុម័តនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ១៩៣០ ដោយអង្គការការងារអន្តរជាតិ ហើយព្រះរាជាណាចក្រកម្ពុជាបានឲ្យសច្ចាប័ននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៩។

ទី ៤ គឺគោលការណ៍ប្រាក់ឈ្នួលស្មើគ្នាចំពោះការងារដូចគ្នា ដែលត្រូវបានយកជាគោលក្នុងការតាក់តែងបទប្បញ្ញត្តិៃនច្បាប់ការងារ។ មាត្រា  ៣៦ កថាខណ្ឌ ២ នៃរដ្ឋធម្មនុញ្ញចែងថាប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នា ចំពោះការងារដូចគ្នា។ ការងារមេផ្ទះមានតម្លៃស្មើគ្នានឹងកម្រៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ។ ស្របនឹងគោលការណ៍នេះ ច្បាប់ស្តីពីការងារ មាត្រា ១០៦ ដែលត្រូវបាននិរាករណ៍ដោយច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា មាត្រា ៨ ចែងថា ចំពោះការងារដែលមានលក្ខខណ្ឌស្មើគ្នា ភាពប៉ិនប្រសប់ខាងវិជ្ជាជីវៈ និងផលដែលធ្វើបានស្មើគ្នា ប្រាក់ឈ្នួលត្រូវឲ្យស្មើគ្នាដល់កម្មករនិយោជិតទាំងអស់ ដែលស្ថិតនៅក្រោមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះ ទោះបីមានដើមកំណើត ភេទ ឬអាយុយ៉ាងណាក៏ដោយ។

ទី ៥ គោលការណ៍នៃការធានានូវសិទ្ធិរស់រានមានជីវិត។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣២ ចែងថាជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត។ មាត្រានេះបញ្ជាក់ឡើងវិញថា សិទ្ធិរស់រានមានជីវិត គឺជាសិទ្ធិដែលបានធានា និងទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញ។ ស្របនឹងគោលការណ៍នៃរដ្ឋធម្មនុញ្ញនេះ បទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ក៏មានគោលដៅធានានូវសិទ្ធិរស់រានមានជីវិតរបស់កម្មករនិយោជិត។ ឧទាហរណ៍ មាត្រា ១០៤ នៃច្បាប់ស្តីពីការងារ ដែលត្រូវបាននិរាករណ៍ដោយច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា មាត្រា ៤ កំណត់ថាប្រាក់ឈ្នួល យ៉ាងហោចណាស់ក៏ត្រូវឲ្យស្មើនឹងប្រាក់ឈ្នួលអប្បបរមា និងត្រូវបានកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យការងារ។ ផ្អែកលើគោលការណ៍នៃការធានានូវសិទ្ធិរស់រានមានជីវិត គោលការណ៍តុល្យភាពរវាងការងារ និងជីវិតឯកជនរបស់កម្មករនិយោជិតក៏ត្រូវបានបង្កើតឡើង។ ដើម្បីសម្រេចនូវគោលការណ៍នេះ មាត្រា ១៣៧ នៃច្បាប់ ស្តីពីការងារ កំណត់ថិរវេលាអតិបរមាធ្វើការពេញលេញនៃកម្មករនិយោជិតទាំងពីរភេទមិនត្រូវឲ្យលើសពី៨ ម៉ោងក្នុងមួយថ្ងៃ ឬ ៤៨ ម៉ោងក្នុងមួយសប្តាហ៍ឡើយ។ មាត្រា ៧៤ នៃច្បាប់ដដែលតម្រូវឲ្យនិយោជកមានហេតុផលសមរម្យ នៅពេលបញ្ឈប់កម្មករនិយោជិតរបស់ខ្លួនពីការងារ។ នៅមានបទប្បញ្ញត្តិផ្សេងៗទៀត ដែលបានតាក់តែងឡើងក្នុងគោលដៅសម្រេចឲ្យបាននូវការធានាសិទ្ធិរស់រានមានជីវិតរបស់កម្មករនិយោជិត។

៥. សេចក្តីបញ្ចប់

នៅមានគោលការណ៍ជាច្រើនទៀត ដែលជាមូលដ្ឋាននៃការតាក់តែងបទប្បញ្ញត្តិនៃច្បាប់គ្រប់គ្រងទំនាក់ទំនងការងារ។ ការដាក់លេខរៀងនៃគោលការណ៍នីមួយៗដូចបានរៀបរាប់ជាហូរហែរខាងលើនេះ មិនបញ្ជាក់ថាគោលការណ៍ដែលត្រូវបានលើកយកមកបកស្រាយមុនគេ សំខាន់ជាងគោលការណ៍ក្រោយៗនោះទេ។ ការកំណត់លេខរៀងនេះ គ្រាន់ជាការសម្រួលការយល់ដល់និស្សិតតែប៉ុណ្ណោះ។

សរុបមក គោលការណ៍សំខាន់ៗទាំងនេះមានឥទ្ធិលដល់ការបង្កើតកិច្ចសន្យា និងការអនុវត្តកិច្ចសន្យា ឬទំនាក់ទំនងការងារ ដែលការយល់ដឹងអំពីគោលការណ៍នេះមានសារសំខាន់ដល់អ្នកសិក្សាក្នុងការស្វែងយល់ ការបកស្រាយ និងការអនុវត្តច្បាប់ស្តីពីការងារ។

Categories Employment and Labor Laws_Khmer Texts

4 thoughts on “គោលការណ៍ទូទៅនៃនីតិការងារ

  1. Dear Professor,

    Thank you for the information. It’s great.

    The Best,

    Like

  2. Thank you, teacher for brief about the principle of labor law of Cambodia.

    Like

    1. Thank you, Vannak for your reading.

      Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this:
search previous next tag category expand menu location phone mail time cart zoom edit close