ការព្យួរកិច្ចសន្យាការងារ

នៅក្នុងច្បាប់ស្តីពីការងារ ជំពូកទី ៤ មានចំណងជើងថាកិច្ចសន្យាការងារ។ ជំពូកទី៤នេះមានបីផ្នែក។ ផ្នែកទី១ កំណត់អំពីវិធានពាក់ព័ន្ធនឹងការចុះនិងការប្រតិបត្តិកិច្ចសន្យាការងារ ផ្នែកទី ២ ស្តីពីការព្យួកិច្ចសន្យាការងារ និងផ្នែកទី៣ ស្តីពីការរំលាយកិច្ចសន្យាការងារ។ តាមរយៈលំដាប់នៃការបែងចែកនេះ យើងអាចយល់អំពីគោលគំនិតរបស់ច្បាប់ស្តីពីការងារដែលថាការព្យួរកិច្ចសន្យាការងារជាការប្រតិបត្តិមួយដែលអាចធ្វេីមុននឹងការរំលាយកិច្ចសន្យា។ អត្ថបទនេះពិភាក្សាដោយសង្ខេបអំពីប្រព័ន្ធនៃការព្យួរកិច្ចសន្យាការងារ។ ប្រសិនបើមិនបញ្ជាក់ច្បាស់ទេ មាត្រាដែលយោងគឺជាមាត្រានៃច្បាប់ស្តីពីការងារ។

I. មូលហេតុនៃការព្យួរកិច្ចសន្យាការងារ

ការព្យួរកិច្ចសន្យាការងារត្រូវបានប្រើប្រាស់សម្រាប់គោលបំណងជាច្រើន ប៉ុន្តែមានគោលបំណងសំខាន់ពីរ។ ទី១ ការព្យួរកិច្ចសន្យាការងារជាប្រភេទវិន័យចំពោះកម្មករនិយោជិតដែលប្រព្រឹត្តិកំហុស និងទី២ ការតម្រូវដោយច្បាប់ស្តីពីការងារក្នុងការព្យួរកិច្ចសន្យា ប្រសិនបើមានហេតុការណ៍ ឬមូលហេតុដែលកំណត់ដោយច្បាប់នេះ។

ការរំលាយកិច្ចសន្យានាំឲ្យមានការកាត់ផ្តាច់ ឬបញ្ចប់នូវទំនាក់ទំនងការងារដែលអាចប៉ះពាល់ដល់ផលប្រយោជន៍របស់ កម្មករនិយោជិត ឬនិយោជក ឬភាគីទាំងពីរ។ ជាទូទៅ គេចាត់ទុកកម្មករនិយោជិតជាភាគីទទួលរងការខូចខាតច្រើនជាងភាគីនិយោជក ប្រសិនបេីមានការផ្តាច់កិច្ចសន្យាការងារ។ ហេតុនេះហើយមុននឹងរំលាយ ឬបញ្ចប់កិច្ចសន្យាការងារ និយោជិតត្រូវព្យួរកិច្ចសន្យាជាមុនសិន។ ម៉្យាងទៀត នៅក្រោមកិច្ចសន្យាការងារ កម្មករនិយោជិតមានកាតព្វកិច្ចផ្តល់កិច្ចការពលកម្ម រីឯនិយោជកមានកាតព្វកិច្ចផ្តល់ប្រាក់ឈ្នួល។ (មាត្រា ៦៦៤ ក្រមរដ្ឋប្បវេណី) កាលណាភាគីណាមួយមិនអនុវត្តកាតព្វកិច្ចសំខាន់នេះ ភាគីនោះជាភាគីមិនអនុវត្តកាតព្វកិច្ច។ ប៉ុន្តែ នៅក្នុងការអនុវត្ត ឬប្រតិបត្តិកិច្ចសន្យាការងារ មានកាលៈទេសៈ ឬមូលហេតុមួយ ចំនួនដែលច្បាប់កំណត់ថាជាមូលហេតុនៃការព្យួរកិច្ចសន្យារការងារ ឬជាមូលហេតុដែលភាគីអាចផ្អាកការបំពេញកាតព្វកិច្ចរបស់ខ្លួនបាន។  មូលហេតុដែលនាំឲ្យព្យួរកិច្ចសន្យាការងារមានដូចជា៖

១.  ការបិទគ្រិះស្ថាន ដោយហេតុនិយោជកត្រូវបំពេញកាតព្វកិច្ចការពារមាតុភូមិ ឬ ក្នុងរយៈពេលជាកាតព្វកិច្ចត្រូវរៀនវិជ្ជាយោធា។

២. អវត្តមាននៃកម្មករនិយោជិត ក្នុងពេលត្រូវបំពេញកាតព្វកិច្ចការពារមាតុភូមិ និងក្នុងរយៈពេលជាកាតព្វកិច្ចត្រូវរៀនវិជ្ជាយោធា។

៣. អវត្តមាននៃកម្មករនិយោជិតក្នុងករណីមានជម្ងឺដែលមានគ្រូពេទ្យផ្លូវការបានបញ្ជាក់ត្រឹមត្រូវ។ ថិរវេលាអវត្តមាននោះត្រូវកំណត់ត្រឹម ៦ ខែ ប៉ុន្តែអាចពន្យារហូតដល់មានអ្នកជំនួស។

៤. ពេលអាក់ខានធ្វើការដោយហេតុមានគ្រោះថ្នាក់ការងារ ឬមានជម្ងឺក្នុងវិជ្ជាជីវៈ។

៥. ការឈប់សម្រាកដែលបានអនុញ្ញាតឲ្យស្ត្រីជាកម្មករនិយោជិត ក្នុងឳកាសមានគភ៌និងសំរាលកូន ព្រមទាំងមានជម្ងឺបណ្តាលមកពីសំរាលកូន។

៦. អវត្តមាននៃកម្មករនិយោជិតដែលនិយោជកបានអនុញ្ញាតតាមច្បាប់ តាមការព្រមព្រៀង ឬការយល់ព្រមរៀងខ្លួន។

៧. ការបញ្ឈប់កម្មករនិយោជិតក្នុងមួយ រយៈដោយមានមូល ហេតុសមស្របតាមបទបញ្ជាផ្ទៃក្នុង។

៨. អវត្តមាននៃកម្មករនិយោជិតក្នុងឳកាសឈប់សំរាកដោយមានប្រាក់ឈ្នួល ដោយគិតបន្ថែមទាំងថិរវេលាធ្វើដំណើរដោយយថាហេតុផង។

៩. ការឃាត់ខ្លួននៃកម្មករនិយោជិត ដែលមិនបណ្តាលឲ្យជាប់ពិរុទ្ធ។

១០. ប្រធានសក្តិដែលបណ្តាលឲ្យភាគីណាមួយបំពេញកាតព្វកិច្ចមិនបានក្នុងរយៈពេលមិនលើសពី ៣ ខែ។

១១. ពេលណាដែលសហគ្រាសជួបការលំបាកផ្នែកសេដ្ឋកិច្ច ឬសំភារៈធ្ងន់ធ្ងរ ឬការលំបាក ជាពិសេសណាមួយដែលនាំឲ្យព្យួរសកម្មភាពសហគ្រាសមិនលើសពី ២ ខែ។ ការព្យួរសកម្មភាពនេះ ត្រូវដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អធិការការងារ។

និយោជកនឹងអាចបញ្ចប់ការព្យួរកិច្ចសន្យាការងារបានលុះត្រាតែបុព្វហេតុទាំងឡាយនៃការព្យួរកិច្ចសន្យាការងារនេះបានផុតរលត់ ហើយលុះត្រាតែនិយោជកបានឲ្យដំណឹងមុនតាមច្បាប់ទៀតផង។ (មាត្រា ៧១)

II. អានុភាពនៃការព្យួរកិច្ចសន្យាការងារ

ដូចបានរៀបរាប់ខ្លះៗខាងលើរួចហើយ ការព្យួរកិច្ចសន្យាការងារនាំឲ្យប៉ះពាល់តែកាតព្វកិច្ចសំខាន់ៗនៃកិច្ចសន្យាការងារ ពោលគឺកាតព្វកិច្ចដែលកម្មករនិយោជិតត្រូវធ្វើការឲ្យនិយោជក និងកាតព្វកិច្ចដែលនិយោជកត្រូវផ្តល់ប្រាក់ឈ្នួលដល់កម្មករ និយោជិត លើកលែងតែមានបទប្បញ្ញត្តិផ្ទុយដែលកំណត់ឲ្យ និយោជកផ្តល់ប្រាក់ឈ្នួលឲ្យកម្មករនិយោជិត។ (មាត្រា ៧២) ឧទាហរណ៍ ការឈប់សម្រាកដែលបានអនុញ្ញាតឲ្យស្ត្រីជាកម្មករនិយោជិត ក្នុងឳកាសមានគភ៌និងសម្រាលកូន គឺជាមូលហេតុនៃការព្យួរកិច្ចសន្យាការងារ។ (មាត្រា ៧១ ចំណុច ៥) បន្ថែមពីនេះ ច្បាប់ស្តីពីការងារបានកំណត់ថាស្ត្រីទាំងឡាយត្រូវមានសិទ្ធិឈប់សម្រាក៩០ ថ្ងៃដើម្បីសម្រាលកូន។ (មាត្រា ១៨២) ក្នុងរយៈពេលឈប់សម្រាកនេះ ស្ត្រីមានសិទ្ធិត្រូវបានប្រាក់ឈ្នួលពាក់កណ្តាល គិតទាំងប្រាក់បន្ទាប់បន្សំផងដោយ និយោជកបើកឲ្យ។ (មាត្រា ១៨៣)

ក្នុងថិរវេលានៃការព្យួរកិច្ចសន្យាការងារនេះ កាតព្វកិច្ចដទៃទៀតជាអាទិ៍កាតព្វកិច្ចរបស់និយោជកក្នុងការផ្តល់កន្លែងស្នាក់នៅ កាតព្វកិច្ចរបស់កម្មករនិយោជិតដែលត្រូវតែស្មោះត្រង់ និងរក្សាការសម្ងាត់របស់សហគ្រាសនៅតែបន្តដែល។  ការព្យួរកិច្ច សន្យាការងារមិនបណ្តាលឲ្យមានការព្យួរអាណត្តិនៃសហជីព ឬអាណត្តិនៃតំណាងកម្មករនិយោជិតឡើយ ហើយជាទូទៅ ថិរវេលានៃការព្យួរកិច្ចសន្យាការងារត្រូវយកមកគិតសម្រាប់គណនាអតីតភាពការងារ។ (មាត្រា ៧២)

 

 

 

Categories Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this:
search previous next tag category expand menu location phone mail time cart zoom edit close