ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ឆ្នាំ២០០៥ កំណត់ទម្រង់ក្រុមហ៊ុនមូលធនដែលធ្វើពាណិជ្ជកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជា ២ប្រភេទ គឺក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត (តទៅហៅកាត់ថា “ក្រុមហ៊ុនឯកជន”) និងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត (តទៅហៅកាត់ថា “ក្រុមហ៊ុនមហាជន”)។ ក្រុមហ៊ុនទាំងពីរនេះមានលក្ខណៈរួម ប៉ុន្តែក៏មានលក្ខណៈពិសេសរៀងៗខ្លួនផងដែរ។ តើក្រុមហ៊ុនទាំងពីរនេះខុសគ្នាយ៉ាងត្រង់ចំណុចណាខ្លះ?
គេអាចបែងចែកក្រុមហ៊ុនទាំងពីរនេះបានដោយសារឈ្មោះ ឬនាមករណ៏របស់ក្រុមហ៊ុន។ នាមករណ៍របស់ក្រុមហ៊ុនឯកជន ត្រូវដាក់នូវពាក្យថា “ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត” ឬសរសេរអក្សរកាត់ដាក់ខាងចុង ឬខាងក្រោម។ ចំណែកឯនាមករណ៍របស់ក្រុមហ៊ុនមហាជនត្រូវដាក់នូវពាក្យ “ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត” ឬសរសេរអក្សរកាត់ដាក់ខាងចុង ឬខាងក្រោម។ (ម.៩២) ប្រកាសលេខ ១៣៧ ព.ណ ចបព ប្រ.ក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ កំណត់ថា អក្សរកាត់ “ឯ.ក” សម្រាប់ក្រុមហ៊ុនឯកជន ហើយ“ម.ក“សម្រាប់ក្រុមហ៊ុនមហាជន។
អាជីវកម្មរបស់ក្រុមហ៊ុនក៏អាចឲ្យយើងដឹងអំពីប្រភេទក្រុមហ៊ុនដែរ។ ក្រុមហ៊ុនឯកជន មិនអាចធ្វើអាជីវកម្មធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនឥណទានបានឡើយ។ (ម.៨៥) ម៉្យាងទៀត ក្រុមហ៊ុននេះក៍មិនអាចលក់ភាគហ៊ុន ឬមូលប័ត្រដទៃទៀតជាសាធារណៈបានដែរ។ (ម.៨៦) ចំណែកឯក្រុមហ៊ុនមហាជនវិញ ក្រុមហ៊ុននេះអាចបោះចេញនូវមូលប័ត្រដែលអាចលក់ជាសាធារណៈបាន។ (ម.៨៧) លើសពីនេះទៀត អាចមានការបកស្រាយថាក្រុមហ៊ុនមហាជន ត្រូវបានអនុញ្ញាតឲ្យធ្វើអាជីវកម្មធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនឥណទាន ដោយមូលហេតុថាដោយសារក្រុមហ៊ុនមូនធនមាន ២ ប្រភេទ ហើយក្រុមហ៊ុនឯកជនមិនត្រូវបានអនុញ្ញាតឲ្យធ្វើអាជីវកម្មប្រភេទខាងលើនេះឡើយ។
លក្ខណៈសម្គាល់មួយទៀតគឺចំនួនសមាជិកភាគហ៊ុន។ ពុំមានមាត្រាដែលកំណត់អំពីចំនួនសមាជិកភាគហ៊ុនរបស់ក្រុមហ៊ុនមហាជនឡើយ នៅក្នុងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។ ផ្ទុយទៅវិញ ច្បាប់នេះ ត្រង់ មាត្រា ៨៦ កំណត់ថាក្រុមហ៊ុនឯកជនអាចមានសមាជិកពី ២ នាក់ រហូតដល់៣០ នាក់។ ប៉ុន្តែបុគ្គលម្នាក់ក៏អាចបង្កើតក្រុមហ៊ុនបានដែរ ដែលមានឈ្មោះថាសហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត។ យោងតាមមាត្រា ៨៦ នេះ អាចមានការបកស្រាយថា ទោះបីជាច្បាប់មិនកំណត់ចំនួនសមាជិកក៏ដោយ ក៏ក្រុមហ៊ុនមហាជនយ៉ាងហោចណាស់ត្រូវមានសមាជិកភាគហ៊ុនចាប់ពី ២នាក់ឡើងទៅ។
បន្ថែមពីចំណុចខាងលើនេះ ច្បាប់បានកំណត់ចំនួនអភិបាលនៅក្នុងក្រុមហ៊ុន។ ក្រុមហ៊ុនឯកជនត្រូវមានអភិបាលម្នាក់ ឬច្រើននាក់ ចំណែកក្រុមហ៊ុនមហាជនត្រូវមានអភិបាលយ៉ាងតិច ៣ នាក់។ (ម.១១៨)
លក្ខណៈពិសេសផ្សេងទៀត គឺការទទួលបាននូវឯកសារក្រុមហ៊ុន។ ជាទូទៅម្ចាស់ហ៊ុន និងម្ចាស់បំណុលរបស់ក្រុមហ៊ុន ភ្នាក់ងារ និងអ្នកតំណាងស្របច្បាប់របស់ខ្លួន ព្រមទាំងមន្ត្រីទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុននៃក្រសួងពាណិជ្ជកម្មអាចពិនិត្យគ្រប់ឯកសាររបស់ក្រុមហ៊ុនដូចជាលក្ខន្តិកៈ កំណត់ហេតុអង្គប្រជុំ និងសេចក្តីសម្រេចរបស់ម្ចាស់ហ៊ុនជាដើម នៅក្នុងអំឡុងពេលម៉ោងធ្វើអាជីវកម្មធម្មតារបស់ក្រុមហ៊ុន និងអាចធ្វើសម្រង់បានដោយមិនគិតកម្រៃ។ ប្រសិនបើក្រុមហ៊ុន ជាក្រុមហ៊ុនមហាជន បុគ្គលណាក៏ដោយក៏អាចធ្វើសម្រង់លើគ្រប់ឯកសារនោះបានដោយបង់ថ្លៃឈ្នួលសមស្រប។ (ម.១១០)
