ការលាឈប់ពីការងារ សំដៅដល់ការរំលាយកិច្ចសន្យាការងារដោយឆន្ទៈឯកតោភាគីរបស់កម្មករនិយោជិត។ ការលាឈប់នេះ ភាគច្រើន ប្រើសម្រាប់ទំនាក់ទំនងការងារដែលស្ថិតក្រោមកិច្ចសន្យាការងារដែលមានថិរវេលាមិនកំណត់។ តើការលាឈប់នេះ ត្រូវគោរពតាមវិធានអ្វីខ្លះ? អត្ថបទនេះពិភាក្សាដោយសង្ខេបអំពីវិធានទាំងនោះ។ ក្នុងករណីដែលពុំបានបញ្ជាក់ច្បាស់ទេ មាត្រាដែលបានយោងគឺជាមាត្រានៃច្បាប់ស្តីពីការងារ។
១. ការជូនដំណឹងមុន
ច្បាប់ស្តីពីការងារ មាត្រា៧៤ កថាខណ្ឌទី១ ចែងថា កិច្ចសន្យាការងារដែលមានថិរវេលាមិនកំណត់ អាចរំលាយតាមឆន្ទៈភាគីតែម្ខាងបាន។ ការរំលាយកិច្ចសន្យានេះត្រូវអនុវត្ដទៅតាមរបៀបឲ្យដំណឹងមុនជាលាយលក្ខណ៍អក្សរ ដែលភាគីមានបំណងចង់រំលាយកិច្ចសន្យាត្រូវឲ្យទៅភាគីម្ខាងទៀត។ ហេតុដូចនេះ កម្មករនិយោជិតដែលមានបំណងលាឈប់ពីការងារត្រូវជូនដំណឹងជាមុនឲ្យទៅនិយោជក ហើយការជូនដំណឹងនេះត្រូវធ្វើជាលាយលក្ខណ៍អក្សរ។
ថិរវេលានៃការជូនដំណឹងមុននេះ មិនត្រូវតិចជាងថិរវេលាអប្បបរមាដែលត្រូវបានកំណត់ដោយច្បាប់ស្តីពីការងារឡើយ។ មាត្រា៧៥ កំណត់ថា ថិរវេលាដែលត្រូវឲ្យដំណឹងមុនត្រូវកំណត់ជាអប្បបរមាដូចតទៅ ៖
– ប្រាំពីរថ្ងៃ បើកម្មករនិយោជិតបានធ្វើការជាប់ក្នុងសហគ្រាសតិចជាងប្រាំមួយខែ។
– ដប់ប្រាំថ្ងៃ បើកម្មករនិយោជិតបានធ្វើការជាប់ក្នុងសហគ្រាសពីប្រាំមួយខែរហូតដល់ពីរឆ្នាំ។
– មួយខែ បើកម្មករនិយោជិតបានធ្វើការជាប់ក្នុងសហគ្រាសលើសពីពីរឆ្នាំរហូតដល់ប្រាំឆ្នាំ។
– ពីរខែ បើកម្មករនិយោជិតបានធ្វើការជាប់ក្នុងសហគ្រាសលើសពីប្រាំឆ្នាំរហូតដល់ដប់ឆ្នាំ។
– បីខែ បើកម្មករនិយោជិតបានធ្វើការជាប់ក្នុងសហគ្រាសលើសពីដប់ឆ្នាំ។
២. ការបន្តអនុវត្តកាតព្វកិច្ចរហូតដល់ថ្ងៃលាឈប់
បើទោះបីជាកម្មករនិយោជិត បានជូនដំណឹងជាមុនអំពីការលាឈប់ពីសហគ្រាសក៏ដោយ ក៏កម្មករនិយោជិតត្រូវបន្តអនុវត្តកាតព្វកិច្ចរបស់ខ្លួនរហូតដល់ថ្ងៃលាឈប់មកដល់ដែរ។ មាត្រា៨១ នៃច្បាប់ស្តីពីការងារកំណត់ថា ក្នុងរយៈពេលអោយដំណឹងមុន និយោជក និងកម្មករនិយោជិត ត្រូវតែគោរពកាតព្វកិច្ចទាំងឡាយដែលតំរូវលើខ្លួន។ ហេតុដូចនេះ កម្មករនិយោជិតត្រូវបន្តធ្វើការងាររបស់ខ្លួនជួននិយោជក ហើយបន្ថែមលើកាតព្វកិច្ចចម្បងនេះកម្មករនិយោជិតមានកាតព្វកិច្ចដូចខាងក្រោម៖
ទី១ កាតព្វកិច្ចយកចិត្តទុកដាក់ក្នុងការងារ៖ មាត្រា ៦៩ កថាខណ្ឌទី១ នៃច្បាប់ស្តីពីការងារ ចែងថានៅក្នុងក្របខ័ណ្ឌនៃកិច្ចសន្យា កម្មករនិយោជិតត្រូវបញ្ចេញគ្រប់សកម្មភាពវិជ្ជាជីវៈរបស់ខ្លួនដល់សហគ្រាស។ ជាអាទិ៍កម្មករនិយោជិតត្រូវធ្វើការដែលគេជួលឲ្យធ្វើ ហើយអនុវត្ដការងារនោះដោយខ្លួនឯង និងដោយយកចិត្ដទុកដាក់។ យោលទៅតាមវិធានខាងលើ ក្នុងអំឡុងពេលនៃការជូនដំណឹងអំពីការលាឈប់ កម្មករនិយោជិតត្រូវបន្តធ្វើការជូននិយោជករបស់ខ្លួនឲ្យអស់ពីសមត្ថភាព និងដោយយកចិត្តទុកដាក់រហូតដល់ថ្ងៃដែលខ្លួនចាកចេញពីសហគ្រាស។
ទី២ កាតព្វកិច្ចក្នុងការមិនប្រកួតប្រជែងជាមួយនិយោជក៖ កាតព្វកិច្ចនេះមានកំណត់ក្នុងមាត្រា ៦៩ កថាខណ្ឌទី២ ដែលចែងថា ក្រៅពីម៉ោងធ្វើការ កម្មករនិយោជិតអាចធ្វើសកម្មភាពខាងវិជ្ជាជីវៈដែលមិនប្រណាំងប្រជែងនឹងសហគ្រាសដែលខ្លួនបំរើ ឬធ្វើឲ្យខូចដំណើរការដែលបានព្រមព្រៀងគ្នា លើកលែងតែមានការព្រមព្រៀងផ្ទុយពីនេះ។ យោលទៅតាមវិធាននេះ ក្នុងអំឡុងពេលដែលកិច្ចសន្យាការងារមានអត្ថិភាព កម្មករនិយោជិតមិនអាចធ្វើសកម្មភាពប្រកួតប្រជែងជាមួយនិយោជកបានឡើយ ហេតុដូចនេះ ក្នុងអំឡុងពេលជូនដំណឹងមុននេះ កម្មករនិយោជិតក៏ត្រូវគោរពតាមកាតព្វកិច្ចនេះផងដែរ។
ទី៣ កាតព្វកិច្ចរក្សាការសម្ងាត់វិជ្ជាជីវៈ៖ មាត្រា ៨៣ ខ ចំណុច ២ បានកំណត់ថាការផ្សាយអាថ៌កំបាំងខាងវិជ្ជាជីវៈគឺជាកំហុសធ្ងន់។ យោលទៅតាមវិធាននេះ កម្មករនិយោជិតត្រូវគោរពកាតព្វកិច្ចរក្សាការសម្ងាត់វិជ្ជាជីវៈនេះ បើទោះបីជាស្ថិតក្នុងថិរវេលានៃការជូនដំណឹងក៏ដោយ។ កាតព្វកិច្ចរក្សាការសម្ងាត់នេះ អាចត្រូវបន្តមានអានុភាពចំពោះកម្មករនិយោជិតផងដែរ នៅក្រោយពេលកិច្ចសន្យាការងារត្រូវបានបញ្ចប់។
៣. តើកម្មករនិយោជិតអាចដកពាក្យលាឈប់ពីការងាររបស់ខ្លួនបានដែរឬទេ?
ក្នុងករណីដែលកម្មករនិយោជិត បានឲ្យដំណឹងមុនអំពីការលាឈប់របស់ខ្លួនឲ្យទៅនិយោជករួចហើយ ប៉ុន្តែមុននឹងកាលបរិច្ឆេទនៃការបញ្ចប់កិច្ចសន្យាការងារមកដល់ កម្មករនិយោជិតនោះបានជូនដំណឹងមកនិយោជក សុំដកពាក្យលាឈប់នោះវិញ។ តើក្នុងករណីនេះ កម្មករនិយោជិតនោះមានសិទ្ធិដកពាក្យលាឈប់របស់ខ្លួនបានដែរឬទេ? យោលទៅតាមមាត្រា ៤០៩ ចំណុច ២ នៃក្រមរដ្ឋប្បវេណីដែលចែងថា ការបង្ហាញឆន្ទៈរំលាយកិច្ចសន្យា មិនអាចដកវិញបានទេ នោះជាវិបាក កម្មករនិយោជិតមិនអាចសុំដកពាក្យលាឈប់ពីការងារជាឯកតោភាគីបានឡើយ។
សូមបញ្ជាក់ជូនថា អត្ថបទនេះមិនមែនជាការផ្តល់ប្រឹក្សាផ្នែកច្បាប់ ឬការផ្តល់យោបល់ផ្នែកច្បាប់ឡើយ។ ប្រសិនបើលោកអ្នកជួបបញ្ហាដូចបានរៀបរាប់ខាងលើនេះ សូមស្វែងរកការប្រឹក្សាផ្នែកច្បាប់ពីមេធាវី។
