ប្រធានសក្តិ (force majeure)

មាត្រា ៣៨៩ នៃក្រមរដ្ឋប្បវេណីកំណត់ថា ការមិនអនុវត្តកាតព្វកិច្ចសំដៅ​ទៅលើ​ករណី​​ដែល​​កូន​បំណុល​​មិនអនុវត្តកាតព្វកិច្ចដែលកើតឡើងពីកិច្ចសន្យា។ មាត្រា ៣៩០ នៃច្បាប់​ដដែល​​ចែងថា ក្នុង​ករណី​ដែលមាន​ការមិន​អនុវត្ត​កាតព្វ​កិច្ច​របស់កូនបំណុល ម្ចាស់បំណុល​អាចទាម​ទារ​ឲ្យ​​អនុវត្ត​​ដោយបង្ខំ សងសំណង​នៃកា​រ​ខូច​ខាត ឬរំលាយកិច្ចសន្យា។ តើករណី​ប្រធាន​​សក្តិអាច​ធ្វើ​​ឲ្យ​កូនបំណុល​​​រួចផុតពី​ការអនុវត្ត​កាតព្វ​កិច្ចនៃកិច្ចសន្យា និងការទទួលខុស​ត្រូវ​​ចំពោះ​ការ​មិន​​អនុវត្ត​កាតព្វ​កិច្ចដោយមូលហេតុនៃប្រធានសក្តិនោះដែរឬទេ? អត្ថបទ​​នេះ​ពិភាក្សាដោយសង្ខេប​អំពី “ប្រធាន​សក្តិ” ឬ “force majeure“​ ជា​ភាសា​អង់គ្លេស ដើម្បី​ផ្តល់​​គំនិត​សម្រាប់​​ការ​សិក្សា​ស្រាវ​​​ជ្រាវអំពីប្រធានបទនេះ។

១. “ខ” សន្យាអំពីករណីប្រធានសក្តិ ដែលមាននៅក្នុងកិច្ចសន្យា៖

មាត្រា ៣១១ នៃក្រមរដ្ឋប្បវេណីកំណត់ថាកិច្ចសន្យាគឺជាកិរិយាដែលបុគ្គលពីរនាក់ ឬ​ច្រើននាក់មានឆន្ទៈត្រូវគ្នាព្រមបង្កើត កែប្រែ ឬរំលត់នូវកាតព្វកិច្ច។ មាត្រានេះ​ត្រូវបានតាក់​តែង​​ឡើង​អនុលោមតាម​គោល​ការណ៍​​​សេរី​ភាព​នៃ​កិច្ចសន្យា។ ហេតុនេះភាគីនៃ​កិច្ចសន្យា​អាច​អនុវត្ត​គោលការណ៍នៃប្រធានសក្តិក្នុងការអនុវត្តកិច្ចសន្យារបស់ខ្លួនបាន។ ពោលគឺ ភាគីនៃ​កិច្ច​សន្យា​​ដែល​មាន​​​បំណង​ការពារខ្លួនពីការ​ទទួល​​​ខុស​ត្រូវ​​ចំពោះ​​​ការ​មិន​​​អនុវត្ត​កិច្ចសន្យា ដោយ​សារ​​មូល​ហេតុ​​ប្រធានសក្តិ អាចកំណត់​ក្នុង​កិច្ច​សន្យា​របស់​ខ្លួន​​​អំពី​ព្រឹត្តិ​ការណ៍​​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា​ប្រធាន​​​​សក្តិ និងមធ្យោបាយសង្រ្គោះ ឬដំណោះ​ស្រាយ​​នៅ​ពេល​កើត​ឡើង​នូវ​ករណី​នៃ​ប្រធាន​សក្តិនោះ។ 

ក្នុងការអនុវត្ត ភាគីនៃកិច្ចសន្យាភាគីច្រើនព្រមព្រៀងថា ប្រធានសក្តិគឺ​ជា​​ព្រឹត្តិការណ៍​ដូច​ជា​​រញ្ជួយដី ទឹក​ជំនន់ខ្យល់ព្យុះ ភ្នំភ្លើងផ្ទុះ ការ​រាតត្បាត​នៃ​ជំងឺ កូដកម្ម សង្រ្គាម ចលា​ចល​​ក្នុងសង្គម​ សម្មភាព ឬ​វិធាន​ការ​របស់​រដ្ឋជាដើម ​ដែលព្រឹត្តិ​ការ​ទាំង​អស់នេះ​កើត​​ឡើង​​​ក្រៅ​ឆន្ទៈ​របស់ភាគី មិន​អាច​ប៉ាន់ស្មានជាមុន និង​មិន​អាច​ជម្នះ​បាន។ ក្រៅពី​នេះភាគីក៏អាចកំណត់​ព្រឹត្តិ​ការណ៍​​​ផ្សេង​​​​ទៀតថា​ជា​ប្រធាន​សក្តិ​ទៅតាមការព្រមព្រៀងរបស់ខ្លួនផងដែរ។ តាមឧទាហរណ៍​​ខាង​លើ ប្រធានសក្តិអាចជាព្រឹត្តិការធម្មជាតិដែល​មិន​មានបុគ្គលណា​មួយ​ត្រូវ​ទទូល​ខុសត្រូវ ឬ​ព្រឹត្តិ​ការណ៍ក្រៅពីគ្រោះធម្មជាតិ។

២. ករណីប្រធានសក្តិដែលត្រូវបានកំណត់ដោយច្បាប់៖

ប្រសិន​​បើភាគី​ពុំ​បាន​កំណត់​អំពី​ប្រធានសក្តិ​នៅក្នុង​កិច្ច​សន្យា​​ទេនោះ អាចនាំ​ឲ្យ​ព្រឹត្តិ​ការណ៍​​​​មួយ​ចំនួន​​​ដែល​រារាំង​ការ​​អនុវត្ត​កាតព្វកិច្ច​ មិនត្រូវបានចាត់​ទុក​ជា​ករណី​ប្រធាន​សក្តិ ព្រោះ​មិនបាន​កំណត់​​ច្បាស់​លាស់​ក្នុង​កិច្ចសន្យា។ក្នុងករណីដែលភាគីនៃកិច្ចសន្យា​ពុំមានការ​កំណត់​អំពី​និយមន័យ​នៃប្រធានសក្តិនៅក្នុងកិច្ចសន្យារបស់​​ខ្លួនជាមុន តើព្រឹត្តិការណ៍​ណា​ខ្លះ​ត្រូ​វ​​បានចាត់ទុក​ថា​ជា​ករណី​ប្រធានសក្តិ? 

យោង​សន្ទា​នុក្រម ផ្នែករដ្ឋប្បវេណីនៃក្រមរដ្ឋប្បវេណី ប្រធានសក្តិសំដៅដល់​ព្រឹត្តិការណ៍​ដែល​​កើត​ឡើង​ក្រៅ​ឆន្ទៈ​របស់​ភាគី មិន​អាច​ប៉ាន់ស្មានជាមុន និងមិនអាចជម្នះបាន។ ជាការ​បក​ស្រាយ​​ប្រធាន​សក្តិអាចជា​ព្រឹត្តិ​​ការណ៍​​ដែល​កើតពីធម្មជាតិ ឬព្រឹត្តិការណ៍ដែលកើត​ឡើង​ក្រៅ​ពី​ធម្មជាតិ​ ដរាបណាព្រឹត្តិការណ៍​នោះ​បំពេញ​លក្ខខណ្ឌដូចខាងក្រោម៖

(១) ព្រឹត្តិការណ៍​នោះកើតឡើងក្រៅឆន្ទៈរបស់ភាគី។ ភាគីដែលរងគ្រោះដោយសារ​ព្រឹត្តិ​ការណ៍​​​នោះ​មិន​​​បានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល​ទៅនឹងមូល​ហេតុនៃការកើត​ឡើង​នៃព្រឹត្តិការណ៍​នោះ។  

(២) ព្រឹត្តិការណ៍នោះមិនអាចប៉ាន់ស្មានជាមុនបានឡើយ។ បើព្រឹត្តិការណ៍​មួយ​អាច​ត្រូវ​​​បាន​​​ប៉ាន់​ស្មានបាន ព្រឹត្តិការណ៍នោះមិនមែនជាប្រធានសក្តិឡើយ។

(៣) ព្រឹត្តិ​ការណ៍នោះមិនអាចជម្នះបាន មិនអាចគ្រប់គ្រងបាន។ បើព្រឹត្តិការណ៍​មួយ​អាច​ត្រូវ​បាន​​​​គ្រប់គ្រងបានគឺមិន​មែន​ជា​ករណី​ប្រធាន​សក្តិ​ឡើយ​។​ ​ 

ក្នុងករណីដែលភាគីពុំបានកំណត់អំពីមធ្យោបាយសង្គ្រោះ ឬដំណោះស្រាយចំពោះ​ភាគី​ដែល​រង​គ្រោះ​ដោយសារករណីនៃប្រធានសក្តិនេះនៅក្នុងកិច្ចសន្យាទេនោះ តើ​ច្បាប់បាន​ផ្តល់​នូវ​ដំណោះ​ស្រាយ​យ៉ាង​ដូច​ម្តេច? ដើម្បីឆ្លើយ​នឹង​សំណួរនេះ គេត្រូវពិនិត្យលើ​បទប្បញ្ញត្តិ​ច្បាប់​ចំពោះករណីនីមួយៗ។  

Published by Kanharith Nop

Kanharith Nop obtained a Degree of Doctor of Laws (Comparative Law) from Nagoya University, Japan in March 2013. His research interests and areas of practices include corporate law, employment and labor laws, contract laws and laws on securities of obligations.

2 thoughts on “ប្រធានសក្តិ (force majeure)

Leave a Reply to Kanharith Nop Cancel reply

error: Content is protected !!
Don`t copy text!
%d bloggers like this: