ប្រាក់ឈ្នួលអប្បបរមា

ប្រាក់ឈ្នួលអប្បបរមាដែលបានគ្រប់គ្រងដោយមាត្រា ១០៤ មាត្រា ១០៥ មាត្រា ១០៦ មាត្រា ១០៧ មាត្រា ១០៨ និងមាត្រា ១០៩ នៃច្បាប់ស្តីពីការងារឆ្នាំ១៩៩៧ ត្រូវបាននិរាករណ៍ដោយច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាដែលត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។ អត្ថបទនេះពិភាក្សាដោយសង្ខេបអំពីវិធានពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមានេះ។

១.អ្វីទៅជាប្រាក់ឈ្នួលអប្បបរមា?

ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា មាត្រា ៤ កំណត់ថាប្រាក់ឈ្នួល យ៉ាងតិចណាស់ក៏ត្រូវឲ្យស្មើនឹងប្រាក់ឈ្នួលអប្បបរមាដែលជាប្រាក់ឈ្នួលកម្រិតទាបបំផុត និងត្រូវបានកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យការងារ។ ប្រកាសលេខ ៣៨៩/១៩ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានកំណត់ប្រាក់ឈ្នួលអប្បបរមា ចំនួន ១៩០ ដុល្លារ អាមេរិក ក្នុងមួយខែ ដែល នឹងអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ។ នៅក្នុងអត្ថបទនេះ ប្រសិនបើមិនមានការកំណត់ជាក់លាក់ទេ មាត្រាដែល យោងគឺជាមាត្រានៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។

២.ហេតុអ្វីចាំបាច់ត្រូវមានប្រាក់ឈ្នួលអប្បបរមា?

ប្រាក់ឈ្នួលគឺជាលក្ខខណ្ឌការងារចម្បងមួយនៅក្នុងទំនាក់ទំនងការងារ។ តាមគោលស្វ័យភាពនៃបុគ្គល (ក៏ដូចជាគោលការណ៍សេរីភាពនៃកិច្ចសន្យា) ក្នុងក្រមរដ្ឋប្បវេណីដែលគេស្គាល់ថាជាវិធានអាជ្ញាគតិ ឬនីតិរួម ការកំណត់ប្រាក់ឈ្នួលនេះអាស្រ័យលើការព្រមព្រៀងរវាងនិយោជក និងកម្មករនិយោជិត។ ក៏ប៉ុន្តែ ក្នុងគោលគំនិតដែលថាកម្មករនិយោជិតមានអំណាចខ្សោយជាងនិយោជកក្នុងការចរចារអំពីលក្ខខណ្ឌការងារ ជាពិសេសប្រាក់ឈ្នួល ដោយមូលហេតុកម្មករនិយោជិតស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ច និងសង្គមដែលទាបជាងនិយោជក ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា មាត្រា ៤ ដូចរៀបរាប់ខាងលើតម្រូវឲ្យប្រាក់ឈ្នួលមិនត្រូវទាបជាងប្រាក់ឈ្នួលអប្បបរមាឡើយ។

ជាយន្តការនៃការអនុវត្តប្រាក់ឈ្នួលអប្បបរមានេះ មាត្រា ៦ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាកំណត់ថា ការព្រមព្រៀងជា លាយលក្ខណ៍អក្សរ ឬ ដោយផ្ទាល់មាត់ណាដែលស្ថិតក្នុង វិសាលភាពអនុវត្តប្រាក់ឈ្នួលអប្បបរមា ហើយដែលតម្រូវឲ្យប្រាក់ឈ្នួលទៅកម្មករនិយោជិតទាបជាងប្រាក់ឈ្នួលអប្បបរមា ដែលត្រូវអនុវត្តនោះ ត្រូវទុកជាមោឃៈ ។ ចំណែកឯការព្រមព្រៀងជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់ដែលតម្រូវឲ្យ ប្រាក់ឈ្នួលទៅកម្មករនិយោជិតខ្ពស់ជាងប្រាក់ឈ្នួលអប្បបរមា ដែលត្រូវអនុវត្តនោះ ត្រូវបន្តអនុវត្ត។ លើសពីនេះទៀត ដើម្បីឲ្យព័ត៌មាននៃប្រាក់ឈ្នួលអប្បបរមាបានជ្រាបដល់កម្មករនិយោជិត មាត្រា ១៤ នៃច្បាប់ដដែលបានតម្រូវឲ្យនិយោជកត្រូវបិទជា អចិន្រ្តៃយ៍នូវប្រកាសស្តីពីប្រាក់ឈ្នួលអប្បបរមានៅកន្លែងធ្វើការ ក្នុងការិយាល័យបើកប្រាក់ និងនៅទីកន្លែងទទួលឲ្យធ្វើការ។

៣.តើប្រាក់ឈ្នួលអប្បបរមាត្រូវកំណត់យ៉ាងដូចម្តេច?

យោងមាត្រា ៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ធាតុផ្សំសម្រាប់យកមកពិចារណាក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា គឺត្រូវផ្តោតទៅលើលក្ខខណ្ឌសេដ្ឋកិច្ច តម្លៃជីវភាពរស់នៅ និងភាពជាក់ស្តែងរបស់ប្រទេស។ ធាតុផ្សំទាំងនោះគឺ (១) លក្ខណវិនិច្ឆ័យបែបសង្គមដែលរួមមានស្ថានភាពគ្រួសារ អត្រាអតិផរ ណា និងការចំណាយក្នុងការរស់នៅ និង (២) លក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ចដែលរួមមាន ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។ ក្នុងករណីចាំបាច់ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាចកែសម្រួលលក្ខណវិនិច្ឆ័យក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាទៅតាមសកម្មភាពសេដ្ឋកិច្ច វិជ្ជាជីវៈ មុខរបរ ឬតំបន់ ដោយយោងទៅលើស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស។

ច្បាប់ដដែល មាត្រា ១០ កំណត់ថាការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាត្រូវគោរពតាមគោលការណ៍ដូចតទៅ៖ (១) ការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាត្រូវធ្វើឡើងតាមកាលកំណត់ដោយរដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យការងារ (២) ប្រាក់ឈ្នួលអប្បបរមាត្រូវតែជាតួលេខ ឬអត្រាបម្រែបម្រួលដែលអាចព្យាករបាន ពោលគឺត្រូវកើនតាមលំដាប់បន្តបន្ទាប់ (៣) ប្រកាន់យកគោលការណ៍ឈ្នះ-ឈ្នះ (៤) ត្រូវប្រើប្រាស់ទិន្នន័យផ្លូវការបែបសង្គមកិច្ចដូចមានចែងក្នុងមាត្រា ៥ នៃច្បាប់នេះមកធ្វើជាមូលដ្ឋានក្នុងការពិភាក្សា។ រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យការងារត្រូវចេញប្រកាសកំណត់កាលវិភាគនៃការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា បន្ទាប់ពីបានអនុសាសន៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ក្នុងករណីប្រធានសក្តិ ឬករណីចាំបាច់ណាមួយ រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យការងារអាចចេញប្រកាសផ្អាក ឬកែសម្រួលកាលវិភាគកំណត់ប្រាក់ឈ្នួលអប្បបរមាបាន។ ក្នុងករណីនេះ ប្រាក់ឈ្នួលអប្បបរមាដែលបានកំណត់ចុងក្រោយនឹងមានសុពលភាពអនុវត្តបន្តរហូតមានការកំណត់ប្រាក់ឈ្នួលអប្បបរមាថ្មីមកជំនួស។

ក្រោយពីសម្រេចបានតួលេខ ឬអត្រាបម្រែបម្រួលប្រាក់ឈ្នួលអប្បបរមាតាមនីតិវិធីនៃការពិភាក្សាប្រាក់ឈ្នួលអប្បបរមា ដូចមានកំណត់ក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាត្រូវយកលទ្ធផលនេះធ្វើជាអនុសាសន៍ជូនរដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យការងារ។ ក្នុងករណីចាំបាច់ រដ្ឋមន្រ្តីក្រសួងទទួលបន្ទុកវិស័យការងារអាចស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល មុននឹងចេញប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់អនុវត្តនៅឆ្នាំបន្ទាប់។ (ម.១៣)

ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាតម្រូវឲ្យបង្កើតក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានៅអមក្រសួងទទួលបន្ទុកវិស័យការងារ។ (ម.១៥) ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានេះ មានសមាជិកពេញសិទ្ធិយ៉ាងតិច ៤៨ រូបដែលមានសមាសភាពមកពីត្រីភាគី ក្នុងចំនួនស្មើគ្នា ដែលក្នុងនោះ មួយភាគបីជាតំណាង រាជរដ្ឋាភិបាល មួយភាគបីជាតំណាងភាគីកម្មករនិយោជិត  និងមួយភាគបីជាតំណាងរបស់ភាគីនិយោជក។ រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យការងារ ឬតំណាង ១ រូបនៃក្រសួងទទួលបន្ទុកវិស័យការងារជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាត្រូវមានអនុប្រធាន ២ រូប ដែល ១ រូបជ្រើសរើសចេញពីពីសមាសភាពតំណាងភាគីកម្មករនិយោជិត និង ១រូបទៀតជ្រើសរើសចេញពីសមាសភាពតំណាងភាគីនិយោជកតាមរយៈការបោះឆ្នោតផ្ទៃក្នុងរបស់ភាគី នីមួយៗ។ (ម.១៧)

 

 

 

 

Published by Kanharith Nop

Kanharith Nop obtained a Degree of Doctor of Laws (Comparative Law) from Nagoya University, Japan in March 2013. His research interests and areas of practices include corporate law, employment and labor laws, contract laws and laws on securities of obligations.

Leave a Reply

error: Content is protected !!
Don`t copy text!
%d bloggers like this: