កម្មករនិយោជិតក្រៅម៉ោង ឬមិនពេញម៉ោង (Part-time Worker)

និយោជកមានសិទ្ធិក្នុងការគ្រប់គ្រងចាត់ចែងសហគ្រាស និងកម្លាំងពលកម្មស្របតាមលក្ខខណ្ឌនៃដំណើរការអាជីវកម្មរបស់ខ្លួន។ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាមានសហគ្រាសខ្លះប្រើកម្មករនិយោជិតឲ្យធ្វើការពេញម៉ោង សហគ្រាសខ្លះទៀតប្រើកម្មករនិយោជិតឲ្យធ្វើការក្រៅម៉ោង ឬមិនពេញម៉ោង និងសហគ្រាសខ្លះទៀតប្រើកម្មករនិយោជិតដែលធ្វើការពេញម៉ោងផង និងកម្មករនិយោជិតដែលធ្វើការក្រៅម៉ោងផង។ ជាទូទៅ កម្មករនិយោជិតក្រៅម៉ោងភាគច្រើនជាសិស្ស និស្សិត ស្រ្តីមេផ្ទះ ឬបុគ្គលដែលមិនមានពេល ឬលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការងារពេញម៉ោង ហើយសហគ្រាសដែលប្រើប្រាស់កម្មករនិយោជិតក្រៅម៉ោង មានជាអាទិ៍ភោជនីយដ្ឋាន ហាងកាហ្វេ ហាងនំប៉័ង មីនីម៉ាត (ផ្សារទំនើបខ្នាតតូច) សាលារៀនឯកជន និងមហាវិទ្យាល័យជាដើម។  តើអ្នកណាជាកម្មករនិយោជិតក្រៅម៉ោង? អត្ថបទនេះពិភាក្សាដោយសង្ខេបអំពីកម្មករនិយោជិតក្រៅម៉ោង។

ច្បាប់ស្តីពីការងារនៅកម្ពុជាពុំបានកំណត់និយមន័យច្បាស់នៃពាក្យ “កម្មករនិយោជិតក្រៅម៉ោង” ឬ“កម្មករនិយោជិតពេញម៉ោង” ឡើយ។ មាត្រា ១៣៧ នៃច្បាប់ស្តីពីការងារកំណត់ថា “ក្នុងគ្រឹះស្ថានប្រភេទណាក៏ដោយ ទោះបីគ្រឹះស្ថាននោះមានលក្ខណៈជាការសិក្សាវិជ្ជាជីវៈ ឬជាកុសល ព្រមទាំងនៅក្នុងវិជ្ជាជីវៈសេរីក៏ដោយ ថិរវេលាធ្វើការពេញលេញនៃកម្មករនិយោជិតទាំងពីរភេទមិនត្រូវឲ្យលើសពីប្រាំបីម៉ោងក្នុងមួយថ្ងៃ ឬសែសិបប្រាំបីម៉ោងក្នុងមួយអាទិត្យឡើយ។” ផ្អែកលើគោលការណ៍ “ការងារ ៨ ម៉ោងក្នុងមួយថ្ងៃ និង ៤៨ ម៉ោងក្នុងមួយសប្តាហ៍” ដែលមានចែងក្នុងមាត្រា ១៣៧ នៃច្បាប់ស្តីពីការងារ និងផ្អែកលើការអនុវត្តនៃសហគ្រាសមួយចំនួនដែលប្រើកម្មករនិយោជិតឲ្យធ្វេីការតែ ៤០ ម៉ោងក្នុងមួយសប្តាហ៍ យើងអាចសន្និដ្ឋានបានថាកម្មករនិយោជិតពេញម៉ោង គឺជាអ្នកដែលធ្វើការចាប់ពី ៤០ ម៉ោងរហូតដល់ ៤៨ ម៉ោងក្នុងមួយសប្តាហ៍ ចំណែកឯកម្មករនិយោជិតក្រៅម៉ោងវិញគឺជាអ្នកដែលធ្វេីការក្នុងរយៈពេលតិចជាងកម្មករនិយោជិតពេញម៉ោង។ ពោលគឺកម្មករនិយោជិតក្រៅម៉ោងធ្វេីការក្នុងថិរវេលាតិចជាង៤០ម៉ោងក្នុងមួយសប្តាហ៍។

ការបកស្រាយខាងលើមានលក្ខណៈស្របគ្នានឹងបទដ្ឋានអន្តរជាតិផងដែរ។ អនុលោមតាមអនុសញ្ញាការងារក្រៅម៉ោងរបស់អង្គការពលកម្មអន្តរជាតិ (ILO) ឆ្នាំ ១៩៩៤ (លេខ ១៧៥) ពាក្យ “កម្មករនិយោជិតក្រៅម៉ោង” សំដៅដល់កម្មករនិយោជិតដែលមានម៉ោងធ្វើការធម្មតាតិចជាងកម្មករនិយោជិតពេញម៉ោងដែលអាចប្រៀបធៀបគ្នាបាន។ កម្មករនិយោជិតពេញម៉ោងដែលអាចយកមកប្រៀបធៀបបាននេះមានន័យថាជាកម្មករនិយោជិតពេញម៉ោងដែល  (១) មានប្រភេទនៃទំនាក់ទំនងការងារដូចគ្នា (២) ត្រូវបានចាត់តាំងឲ្យធ្វើការងារ ឬមុខរបរប្រភេទដូចគ្នា ឬប្រហាក់ប្រហែលគ្នា និង (៣) បំពេញការងារនៅក្នុងគ្រឹះស្ថានដូចគ្នា ឬ នៅក្នុងសហគ្រាសដូចគ្នា (នៅពេលដែលមិនមានកម្មករនិយោជិតធ្វើការពេញម៉ោងដែលអាចយកមកប្រៀបធៀបបាននៅក្នុងគ្រឹះស្ថានជាមួយគ្នា) ឬនៅក្នុងសាខាសកម្មភាពដូចគ្នា នៅពេលដែលមិនមានកម្មករនិយោជិតធ្វើការពេញម៉ោងដែលអាចយកមកប្រៀបធៀបបាននៅក្នុងសហគ្រាសដូចគ្នា)។

តើកម្មករនិយោជិតក្រៅម៉ោងត្រូវបានការពារដោយច្បាប់ការងារដែរឬទេ? យោងតាមមាត្រា ១ នៃច្បាប់ស្តីពីការងារ កំណត់ថាច្បាប់ស្តីពីការងារគ្រប់គ្រងទំនាក់ទំនងរវាងនិយោជក និងកម្មករនិយោជិតដែលបណ្តាលមកពីកិច្ចសន្យាការងារ ហើយដែលត្រូវអនុវត្តនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀតច្បាប់ការងារមាត្រា ៣ ចែងថា“ កម្មករនិយោជិតគឺជាជនគ្រប់ប្រភេទ និងគ្រប់សញ្ជាតិដែលបានចុះកិច្ចសន្យាការងារធ្វើការយកកំរៃក្រោមការដឹកនាំនិងគ្រប់គ្រងរបស់បុគ្គលម្នាក់ទៀតជារូបវន្តបុគ្គល ឬនីតិបុគ្គលសាធារណៈ ឬឯកជន។ ដើម្បីបញ្ជាក់ឲ្យច្បាស់អំពីលក្ខណៈសម្បត្តិនៃកម្មករនិយោជិត គេមិនត្រូវគិតពីលក្ខខន្តិកៈគតិយុត្តនៃនិយោជក ឬលក្ខន្តិកៈគតិយុត្តនៃកម្មករនិយោជិត ព្រមទាំងមិនត្រូវគិតពីចំនួនប្រាក់ឈ្នួលតិច ឬច្រើនទេ។” ច្បាប់ស្តីពីការងារចាត់ចំណាត់ថ្នាក់កម្មករនិយោជិតដោយផ្អែកលើស្ថេរភាពនៃការងារទៅជាកម្មករនិយោជិកជាប់លាប់ និងកម្មករនិយោជិតម្តងម្កាលដែលបំពេញមុខការមិនស្ថិតស្ថេរ (មាត្រា ៩) និងចាត់ចំណាត់ថ្នាក់កម្មករនិយោជិតដោយផ្អែកលើរបៀបបើកប្រាក់ឈ្នួលទៅជាកម្មករនិយោជិតធ្វើការយកប្រាក់ឈ្នួលតាមពេល កម្មករនិយោជិតធ្វើការយកប្រាក់ឈ្នួលតាមបរិមាណផលិតផល ឬម៉ៅការ និងកម្មករនិយោជិតធ្វើការយកកំរៃជើងសារ (មាត្រា ១១) ។ ច្បាប់ស្តីពីការងារបញ្ជាក់បន្ថែមទៀត ថាកម្មករនិយោជិតម្តងម្កាលត្រូវប្រតិបត្តិនូវវិធាននិងកាតព្វកិច្ចដូចគ្នានឹងកម្មករនិយោជិតជាប់លាប់ ហើយក៏មានសិទ្ធិដូចគ្នាដែរ លើកលែងតែកាលណាមានខសន្យាដោយឡែកពីនេះ។ (មាត្រា ១០) កម្មករនិយោជិតក្រៅម៉ោងអាចស្ថិតនៅក្នុងប្រភេទកម្មករនិយោជិកជាប់លាប់ផង ឬកម្មករនិយោជិតម្តងម្កាលផង ហេីយដែលពួកគេធ្វេីការយកប្រាក់ឈ្នួលតាមពេល តាមបរិមាណផលិតផល ឬម៉ៅការ ឬយកកំរៃជើងសារ។

យោងតាមបទប្បញ្ញត្តិខាងលើនេះ យើងអាចសន្និដ្ឋានបានថា ច្បាប់ស្តីពីការងារក៏ត្រូវយកមកអនុវត្តចំពោះកម្មករនិយោជិតក្រៅម៉ោង ឬមិនពេញម៉ោងនេះផងដែរ ហើយជាលទ្ធផល ច្បាប់នេះការពារសិទ្ធិ និងផលប្រយោជន៍កម្មករនិយោជិតក្រៅម៉ោងក្នុងកម្រិតមួយដែលច្បាប់នេះអាចអនុវត្តបាន។ ឧទាហរណ៍កម្មករក្រៅម៉ោងអាចត្រូវបានជួលឲ្យធ្វើការនៅក្រោមកិច្ចសន្យាការងារដែលមានថិរវេលាកំណត់ផង និងកិច្ចសន្យាការងារដែលមានថិរវេលាមិនកំណត់ផង។ ហេតុដូច្នេះ សិទ្ធិ និងការងាររបស់កម្មករនិយោជិតក្រៅម៉ោងត្រូវបានធានា និងការពារស្របតាមបទប្បញ្ញត្តិដែលគ្រប់គ្រងប្រភេទកិច្ចសន្យានីមួយៗ។ តែទោះបីយ៉ាងនេះក្តី សិទ្ធិ  និងផលប្រយោជន៍របស់កម្មករនិយោជិតក្រៅម៉ោងអាចជួបនឹងបញ្ហាប្រឈមមួយចំនួន ដោយសារតែការយកច្បាប់ស្តីពីការងារទៅអនុវត្តចំពោះពួកគេ ទាំងដែលលក្ខខណ្ឌការងារក្រៅម៉ោងមានលក្ខណៈពិសេសជាងលក្ខខណ្ឌការងារពេញម៉ោង ដែលគួរតែមានច្បាប់ ឬវិធានដោយឡែកណាមួយដើម្បីការពារផលប្រយោជន៍របស់កម្មករនិយោជិតក្រៅម៉ោងទាំងនេះនៅពេលចាំបាច់ណាមួយក្នុងពេលអនាគត។

 

 

Published by Kanharith Nop

Kanharith Nop obtained a Degree of Doctor of Laws (Comparative Law) from Nagoya University, Japan in March 2013. His research interests and areas of practices include corporate law, employment and labor laws, contract laws and laws on securities of obligations.

3 thoughts on “កម្មករនិយោជិតក្រៅម៉ោង ឬមិនពេញម៉ោង (Part-time Worker)

  1. ជំរាបសួរបង
    តើបុគ្គលិកក្រៅម៉ោង និងពេញម៉ោង អាចប្រើកិច្ចសន្យាតែមួយរួមគ្នាបានទេ?

    1. បាទ​ ជម្រាបសួរ។ គួរប្រេីកិច្ចសន្យាផ្សេងគ្នា​ ដោយហេតុថាមានលក្ខខណ្ឌការងារផ្សេងគ្នា។ ប្រសិនបេីកិច្ចសន្យានោះសរសេរតែលក្ខខណ្ឌរួម​ ឬទូទៅទេ​ ដោយរំលេចចំណុចខុសគ្នាតិចតួច​ អាចប្រេីរួមគ្នាបាន។ វាជាបច្ចេកទេសក្នុងការសរសេរកិច្ចសន្យា។

  2. ខ្ញុំបាទ ចង់បានការងារធ្វើក្រៅម៉ោង ចាប់ពីម៉ោង០២រសៀលដល់ម៉ោង០៩យប់ ផ្នែកការងារអ្វីក៏បាន នៅភ្នំពេញ
    ០៧៧៧៧១៩៩០

Leave a Reply

error: Content is protected !!
Don`t copy text!
%d bloggers like this: