ការឈប់សំរាកពីការងារដោយសារជម្ងឺឯកជនរបស់កម្មករនិយោជិត

អវត្តមានរបស់កម្មករនិយោជិតពីការងារដោយគ្មានហេតុផលត្រឹមត្រូវ ឬគ្មានការអនុញ្ញតរបស់និយោជកត្រូវបានចាត់ទុកថាជាកំហុសរបស់កម្មករនិយោជិត ហើយកម្មករនិយោជិតនោះអាចត្រូវទទួលរងការដាក់ពិន័យពីនិយោជកផងដែរ។ ដោយឡែក អវត្តមានរបស់កម្មករនិយោជិតពីការងារដោយសារជម្ងឺមិនត្រូវបានចាត់ទុកជាកំហុសឡើយ ពោលគឺជាអវត្តមានដែលបានអនុញ្ញាតដោយច្បាប់ស្តីពីការងាររបស់ប្រទេសកម្ពុជា។ អត្ថបទនេះ ពិភាក្សាដោយសង្ខេបអំពីវិធាននៃច្បាប់ស្តីពីការងារដែលគ្រប់គ្រងការឈប់សំរាករបស់កម្មករនិយោជិតដោយសារតែជំងឺឯកជន ពោលគឺពុំមែនជាជម្ងឺវិជ្ជាជីវៈ ឬគ្រោះថ្នាក់ការងារឡើយ។

យោងតាមមាត្រា ៧១ ចំណុច ៣ នៃច្បាប់ស្តីពីការងារ អវត្តមាននៃកម្មករនិយោជិតក្នុងករណីមានជម្ងឺដែលមានគ្រូពេទ្យផ្លូវការបានបញ្ជាក់ត្រឹមត្រូវគឺជាមូលហេតុមួយនៃការព្យួរកិច្ចសន្យាការងារ។ ថិរវេលាអវត្តមានដោយសារជម្ងឺដែលនាំឲ្យព្យួរកិច្ចសន្យាការងារនោះត្រូវបានកំណត់ត្រឹម ៦ ខែ ប៉ុន្តែអាចពន្យាររហូតដល់មានអ្នកផ្សេងមកជំនួសកម្មករនិយោជិតដែល មានជម្ងឺនោះ។

ក្នុងអំឡុងពេលនៃការព្យួរកិច្ចសន្យាការងារនេះ តើភាគីនៃកិច្ចសន្យាមានសិទ្ធិនិងកាតព្វកិច្ចយ៉ាងដូចម្តេច? មាត្រា ៧២ នៃច្បាប់ស្តីពីការងារកំណត់ថាការព្យួរកិច្ចសន្យាការងារនាំឲ្យប៉ះពាល់តែកាតព្វកិច្ចសំខាន់ៗនៃកិច្ចសន្យាការងារ ពោលគឺកាតព្វកិច្ចដែលកម្មករនិយោជិតត្រូវធ្វើការឲ្យនិយោជក និងកាតព្វកិច្ចដែល និយោជកត្រូវផ្តល់ប្រាក់ឈ្នួលដល់កម្មករនិយោជិត លើកលែង តែមានបទបញ្ញត្តិផ្ទុយដែលកំណត់ឲ្យនិយោជកផ្តល់ប្រាក់ឈ្នួលឲ្យកម្មករនិយោជិត។ អនុលោមតាមគោលការណ៍ “គ្មានការធ្វើកិច្ចការពលកម្ម គឺគ្មានការផ្តល់ប្រាក់ឈ្នួល” ក្នុងអំឡុងពេលព្យួរកិច្ចសន្យាការងារនេះ កម្មករនិយោជិតពុំបានផ្តល់កិច្ចការពលកម្មជូននិយោជកឡេីយ ហេតុនេះគាត់ពុំទទួលបានប្រាក់ឈ្នួល ពីនិយោជកឡើយ។

ក្រៅពីកាតព្វកិច្ចសំខាន់ខាងលើ កាតព្វកិច្ចដទៃទៀតជាអាទិ៍ គឺកាតព្វកិច្ចរបស់និយោជកក្នុងការផ្តល់កន្លែងស្នាក់នៅ ក៏ដូចជាកាតព្វកិច្ចរបស់កម្មករនិយោជិតដែលត្រូវតែស្មោះត្រង់ និងរក្សាការសម្ងាត់របស់សហគ្រាសនៅតែបន្តដដែល។ ម៉្យាងទៀតការព្យួរកិច្ចសន្យាមិនបណ្តាលឲ្យមានការព្យួរអាណត្តិនៃសហជីព ឬអាណត្តិនៃតំណាងកម្មករនិយោជិតឡើយ។ លើសពីនេះទៀត ថិរវេលានៃការព្យួរកិច្ចសន្យាត្រូវយកមកគិតសម្រាប់គណនាអតីតភាពការងារផងដែរ។ ការព្យួកិច្ចសន្យានេះអាចអនុវត្តបានចំពោះកិច្ចសន្យាដែលមានថិរវេលាកំណត់ផង និងកិច្ចសន្យាការងារដែលមានថិរវេលាមិនកំណត់ផង។

ក្នុងការអនុវត្ត យើងឃើញមានបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាសដែលនិយោជកភាគច្រើនផ្តល់ឱ្យកម្មករនូវសិទ្ធិនិងផលប្រយោជន៍ប្រសេីរជាងសិទ្ធិនិងអត្ថប្រយោជន៍ដែលមានចែងនៅក្នុងច្បាប់ស្តីពីការងារ។ និយោជកយល់ព្រមបង់ប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងអំឡុងពេលផ្អាកកិច្ចសន្យាក្នុងកម្រិតដែលបានកំណត់ក្នុងកិច្ចសន្យាការងារ បទញ្ជាផ្ទៃក្នុង និង/ឬអនុសញ្ញារួម។ ឧទាហរណ៍ បទបញ្ជាផ្ទៃក្នុងរបស់សហគ្រាសផ្តល់ឲ្យកម្មករនិយោជិតនូវប្រាក់ឈ្នួល ១០០% សម្រាប់ខែដំបូង និង ៦០% នៃប្រាក់ឈ្នួលសម្រាប់ខែទី ២ និងខែទី ៣។ ចាប់ពីខែទី ៤ រហូតដល់ខែទី ៦ និយោជកមិនផ្តល់ប្រាក់ឈ្នួលដល់កម្មករនិយោជិតទេ ប៉ុន្តែនិយោជករក្សាទំនាក់ទំនងការងារជាមួយកម្មករនិយោជិតដែលបានឈប់សំរាកដោយសារជម្ងឺនោះ។ ក្នុងអំឡុងពេលនៃការផ្អាកនេះនិយោជកអាចចុះកិច្ចសន្យាជាមួយអ្នកផ្សេងដើម្បីជំនួសកម្មករនិយោជិតដែលអវត្តមានជាបណ្តោះអាសន្ន រហូតដល់ពេលដែលកម្មករនិយោជិតនោះត្រឡប់មកកន្លែងដើមវិញ ។ (មាត្រា ៦៧ ច្បាប់ស្តីពីការងារ)

Categories Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this:
search previous next tag category expand menu location phone mail time cart zoom edit close