ច្បាប់ស្តីពីការងារបានកំណត់លក្ខខណ្ឌការងារដែលពាក់ព័ន្ធនឹងការឈប់សំរាករបស់កម្មករនិយោជិត ដែលមានជាអាទិ៍ ការ ឈប់សម្រាកប្រចាំសប្តាហ៍ ថ្ងៃឈប់បុណ្យមានប្រាក់ឈ្នួល ការឈប់សំរាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល ការឈប់សំរាកមាតុភាព និងការឈប់សំរាកពិសេសជាដើម។ អត្ថបទនេះពិភាក្សាដោយសង្ខេបអំពីការឈប់សំរាកពិសេស ដែលជាផ្នែកមួយនៃការអនុវត្តគោលការណ៍តុល្យភាពរវាងការងារ និងជីវិតរបស់កម្មករនិយោជិត (Work-Life Balance)។ ប្រសិនបើមិនមានការកំណត់ជាក់លាក់ទេ មាត្រាដែលយោងក្នុងអត្ថបទនេះសំដៅដល់មាត្រានៃច្បាប់ស្តីពីការងារ។
១. អ្វីទៅជាការឈប់សំរាកពិសេស?
ការឈប់សំរាកពិសេសសំដៅដល់ការឈប់សំរាករបស់កម្មករនិយោជិត ដោយមានប្រាក់ឈ្នួលដែលមានថិរវេលាមិនលើសពី ៧ ថ្ងៃក្នុងមួយឆ្នាំ ក្នុងឱកាសដែលកម្មករនិយោជិតមានធុរៈផ្ទាល់ខ្លួន ឬក្នុងឱកាសមានព្រឹត្តិការណ៍ប៉ះពាល់ផ្ទាល់ដល់គ្រួសារនៃកម្មករនិយោជិតនោះ ដូចជា (១) ការរៀបអាពាហ៍ពិពាហ៍ផ្ទាល់ខ្លួន (២) ប្រពន្ធសំរាលកូន (៣) រៀបអាពាហ៍ពិពាហ៍កូន (៤) ប្តី ប្រពន្ធ កូន ឳពុក ម្តាយ មានជម្ងឺ ឬទទួលមរណភាព។ (មាត្រា ១៧១ កថាខណ្ឌទី១ នៃច្បាប់ស្តីពីការងារ និងប្រការ ១ នៃប្រកាសលេខ ២៦៧ សកបយ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០០១ ស្តីពីការការឈប់សំរាកពិសេស)
២. លក្ខខណ្ឌនៃការឈប់សំរាកពិសេស
ប្រការ ២ នៃប្រកាស២៦៧ បានកំណត់ថា និយោជកអាចធ្វើការកាត់កងការឈប់សំរាកពិសេសនេះពីការឈប់សំរាកប្រចាំឆ្នាំរបស់កម្មករនិយោជិតបាន ប្រសិនបើកម្មករនិយោជិតនោះមិនទាន់អនុវត្តការឈប់សម្រាកប្រចាំឆ្នាំទាំងអស់របស់ខ្លួនទេ ឬ អាច តម្រូវឲ្យកម្មករនិយោជិតធ្វើការសងវិញ ប្រសិនបើកម្មករនិយោជិតនោះបានអនុវត្តការឈប់សំរាកប្រចាំឆ្នាំទាំងអស់របស់ខ្លួនហើយ។ ផ្អែកតាមប្រការនេះ និងជាការបកស្រាយ យេីងឃេីញមានករណីចំនួន ៣ សំខាន់ៗ ដែលទាក់ទងនឹងការអនុវត្តការឈប់សំរាកពិសេសនេះ ហើយដែលយើងនឹងពិភាក្សាដូចខាងក្រោម។
ទី១ ជាករណីដែលកម្មករនិយោជិតមិនទាន់អនុវត្តការឈប់សំរាក ប្រចាំឆ្នាំទាំងអស់នៅឡើយ ពោលគឺកម្មករនិយោជិតមាននៅសល់ថ្ងៃឈប់សំរាកប្រចាំឆ្នាំ។ ឧទាហរណ៍ កម្មករនិយោជិតមានថ្ងៃឈប់សំរាកប្រចាំឆ្នាំដែលពុំទាន់បានប្រើ ចំនួន ១៨ ថ្ងៃ។ កម្មករ និយោជិតនោះបានឈប់សំរាក ៣ ថ្ងៃ ដើម្បីរៀបអាពាហ៌ពិពាហ៌ផ្ទាល់ខ្លួន។ ក្នុងករណីនេះ ថ្ងៃឈប់សំរាក ប្រចាំឆ្នាំរបស់កម្មករនិយោជិតត្រូវនៅសល់តែ ១៥ ថ្ងៃតែប៉ុណ្ណោះ។
ទី២ ជាករណីដែលកម្មករនិយោជិតបានអនុវត្តការឈប់សំរាកប្រចាំឆ្នាំទាំងអស់ ក៏ប៉ុន្តែកម្មករនិយោជិតនៅពុំទាន់បានអនុវត្តការឈប់សំរាកពិសេសទាំងអស់របស់ខ្លួននៅឡេីយ។ ឧទាហរណ៍ កម្មករនិយោជិតបានសុំច្បាប់៣ ថ្ងៃដើម្បីរៀបអាពាហ៍ពិពាហ៍ផ្ទាល់ខ្លួន។ ក្នុងករណីនេះ ដោយហេតុថាកម្មករនិយោជិតមានថ្ងៃឈប់សំរាកពិសេសដែលពុំបានប្រេី ប្រាស់ចំនួន ៧ថ្ងៃ និយោជកអាចអនុញ្ញាតឲ្យកម្មករនិយោជិតឈប់សំរាកពិសេសចំនួន៣ ថ្ងៃតាមការស្នើសុំដោយមានប្រាក់ឈ្នួល ប៉ុន្តែនិយោជកអាចតម្រូវឲ្យកម្មករនិយោជិតនោះធ្វេីការ សងវិញបាន។ ការធ្វើការសងវិញនេះអាចអនុវត្តបានតែក្នុងរយៈពេល ៩០ ថ្ងៃ ក្រោយពីថ្ងៃឈប់សំរាកពិសេស ហើយការធ្វើការ សងត្រូវអនុវត្តក្នុងថ្ងៃធ្វើការធម្មតា និងក្នុងលក្ខខណ្ឌដែលថិរវេលាធ្វេីការសរុបមិនលើសពី ១០ ម៉ោងក្នុងមួយថ្ងៃ ឬលើសពី៥៦ ម៉ោងក្នុងមួយសប្តាហ៍។ (ប្រការ ៣ នៃ ប្រកាសលេខ២៦៧) ការធ្វើការសងត្រូវឲ្យឈ្នួលតាមអត្រាពេលម៉ោងធ្វើការធម្មតា។ (ប្រការ ៤ នៃប្រកាសលេខ ២៦៧)
ទី៣ ជាករណីដែលកម្មករនិយោជិតពុំមានសល់ថ្ងៃឈប់សំរាកប្រចាំឆ្នាំ និងថ្ងៃឈប់សំរាកពិសេសឡើយ ប៉ុន្តែកម្មករនិយោជិត ចង់ឈប់សំរាកដោយមូលហេតុពិសេសណាមួយដែលបានរៀបរាប់ខាងលេី។ ដោយហេតុថាការឈប់សំរាកពិសេសតាមច្បាប់មានតែ ៧ ថ្ងៃក្នុង១ ឆ្នាំ និយោជកអាចអនុញ្ញាតច្បាប់ដល់កម្មករនិយោជិតដើម្បីរៀបការ(ជាឧទាហរណ៍) ប៉ុន្តែនិយោជកពុំមានកាតព្វកិច្ចបង់ប្រាក់ឈ្នួលឲ្យកម្មករនិយោជិតនោះឡើយ នៅក្នុងអំឡុងពេលនៃការឈប់សំរាកនេះ។
៣. តើគូភាគីអាចកំណត់លក្ខខណ្ឌនៃការឈប់សំរាកពិសេសខុសពីច្បាប់ដែរឬទេ?
លក្ខខណ្ឌខាងលេី គឺជាស្តង់ដារអប្បបរមាដែលកំណត់ដោយច្បាប់។ និយោជក និងកម្មករនិយោជិតអាចកំណត់លក្ខខណ្ខនៃការឈប់សំរាកពិសេសផ្សេងពីការកំណត់របស់ច្បាប់ស្តីពីការងារ និងប្រកាសខាងលើបាន ក្នុងករណីដែលលក្ខខណ្ឌនោះផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិតច្រើនជាងអត្ថប្រយោជន៍ដែលផ្តល់ដោយច្បាប់ស្តីពីការងារ និងប្រកាសខាងលើ។
សូមជួយដាក់ប្រកាសផងបងសូមអគុណ
ថ្ងៃឈប់សម្រាកពិសេស ឃើញមាននិយាយតែរឿងការកាត់កងជាមួយថ្ងៃឈប់សម្រាកប្រចំាឆ្នាំ
សុំសួរ ចុះបើបុគ្គលិចូលបំរើការក្រោមពី 1ឆ្នាំ មានសិទ្ធិឈប់និងបានទទួលប្រាក់ឈ្នួលឬមិនបានទទួលប្រាក់ឈ្នូល
សម្រាប់យោបល់ខ្ញុំ ខ្ញុំគិតថាចំពោះកម្មករនិយោជិតដែលេទើបចូលធ្វើការក្រោម១ឆ្នាំ ក៏អាចប្រើប្រាស់ច្បាប់ឈប់សម្រាកពិសេសបានដែរ ហើយមិនត្រូវបានកាត់ប្រាក់ឈ្នួលឡើយ។ ករណីការឈប់សម្រាកច្បាប់ពិសេសនោះ មានអមជាមួយឯកសារយោងមកបញ្ញាក់ពីការឈប់សម្រាកនោះ។
សូមអរគុណចំពោះការផ្តល់យោបល់។ បាទ ការឈប់សំរាកពិសេស ក៏អាចផ្តល់ដល់កម្មនិយោជិតដែលធ្វេីការក្រោមមួយឆ្នាំដែរ ដោយអនុលោមតាមវិធាននៃការឈប់សំរាកពិសេស ដូចរៀបរាប់ខាងលេី។
ឧទាហរណ៍៖ ខ្ញុំមិនទាន់បានប្រើប្រាស់ច្បាប់ឈប់សម្រាកពិសេសនៅឡើយទេ។ ហើយខ្ញុំបានប្រើប្រាស់ច្បាប់ឈប់សម្រាកពិសេសចំនួន៧ថ្ងៃសម្រាប់រៀបអាពាហ៍ពិពាហ៍។ ប៉ុន្តែថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់ខ្ញុំនៅសល់តែ៣ថ្ងៃទេ។ ចឹងត្រូវកាត់កងគ្នា ខ្ញុំនៅជំពាក់៤ថ្ងៃទៀត។ ការធ្វើការសងវិញក្នុងរយៈពេល៩០ថ្ងៃ ខ្ញុំបានធ្វើសរុបតែ២ថ្ងៃទេ។ ចឹងនៅខ្វះគេ ២ថ្ងៃទៀត។ រហូតដល់ចុងឆ្នាំ ក្រុមហ៊ុនបានធ្វើការកាត់ប្រាក់ខ្ញុំចំនួន២ថ្ងៃហ្នឹង។ តើការទូទាត់បែបហ្នឹងត្រឹមត្រូវដែរឬទេ? ហើយករណីមួយទៀត បើថ្ងៃឈប់សម្រាកពិសេស និងថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ត្រូវបានទូទាត់គ្នាអស់ បន្ទាប់មកខ្ញុំបានស្នើសុំច្បាប់ឈប់សម្រាកធម្មតាអស់៣ថ្ងៃក្នុង១ឆ្នាំ ហើយចុងឆ្នាំក្រុមហ៊ុនក៏បានធ្វើការកាត់ប្រាក់ខែចំនួន៣ថ្ងៃដែលជំពាក់ តើការទូទាត់បែបហ្នឹងត្រឹមត្រូវដែរឬទេ?
សូមអរគុណចំពោះសំណួរ។ លោកលោកស្រីអាចអានប្រកាសលេខ២៦៧ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០០១ ស្តីពីការឈប់សំរាកពិសេស និងសេចក្តីណែនាំលេខ ០១០/២០ចុះថ្ងៃទី ២១ ខែកុម្ភ: ឆ្នាំ២០២០ ស្តីពីការអនុវត្តការទូទាត់សងការឈប់សំរាកពិសេស។ សូមអរគុណ