ការិយភារី

នៅក្នុងដំណើរនៃសហគ្រាស ក៏ដូចជាដំណើរការនៃសកម្មភាពពាណិជ្ជកិច្ចរបស់ខ្លួន សហគ្រិនអាចប្រេីកម្មករនិយោជិតដោយផ្ទាល់ដើម្បីបំពេញកិច្ចការពលកម្មឲ្យខ្លួន ឬអាចប្រើការិយភារីបំពេញកិច្ចការនៃដំណេីរការរបស់សហគ្រាស។ អត្ថបទនេះ ពិភាក្សា ដោយសង្ខេបថាតើការិយភារីជានរណា? តើទំនាក់ទំនងរវាងសហគ្រិន ការិយភារី និងកម្មករនិយោជិតមានលក្ខណៈដូចមេ្តច? ប្រសិនបើពុំមានការបញ្ជាក់ទេ មាត្រាដែលយោងក្នុងអត្ថបទនេះ សំដៅដល់មាត្រានៃច្បាប់ស្តីពីការងារ។

យោងច្បាប់ស្តីពីការងារ មាត្រា ៤៥ ការិយភារីសំដៅដល់អ្នកទទួលការពីសហគ្រិន ជ្រើសរើសកម្មករហត្ថពលិកដោយខ្លួនឯងតាមត្រូវការដើម្បីប្រតិបត្តិការងារ ឬផ្តល់សេវាណាមួយដោយគិតថ្លៃសរុប។ ការិយភារីត្រូវគោរពច្បាប់ការងារ ដូចគ្នានឹងនិយោជកធម្មតាដែរ ហើយមិនត្រូវកេងប្រយោជន៍ពីកម្មករនិយោជិត ឬវាយបន្ថោកថ្លៃពលកម្មរបស់កម្មករនិយោជិតខ្លួនឡើយ។ (មាត្រា ៤៦ និងមាត្រា ៤៧) នៅក្នុងការអនុវត្តកន្លងមក ការិយភារីអាចជារូបវ័ន្តបុគ្គល ឬនិតិបុគ្គល ហេីយការិយភារីភាគីច្រើនគឺជាអ្នកផ្តល់សេវាដូចជាការផ្តល់កំលាំងពលកម្មជូនសហគ្រិន តាមរយ:ការបញ្ចូនកម្មករហត្ថពលិករបស់ខ្លួនឲ្យទៅធ្វើការផ្ទាល់ជូនសហគ្រិន។ ពោលគឺគេកំណត់ថាបុគ្គលមួយជាការិយភារីរបស់សហគ្រិន ប្រសិនបើមានបុគ្គលនោះបានចុះកិច្ចសន្យាផ្តល់កំលាំងការងារជូនសហគ្រិន ហើយបុគ្គលនោះបានចុះកិច្ចសន្យាការងារដោយផ្ទាល់ជាមួយនឹងកម្មករនិយោជិតដែលត្រូវផ្តល់សេវា ឬកិច្ចការពលកម្មដោយផ្ទាល់ជូនសហគ្រិន។ ដោយឡែក សហគ្រិនមិនបានចុះកិច្ចសន្យាការងារដោយផ្ទាល់ជាមួយកម្មករនិយោជិតឡើយ ប៉ុន្តែកម្មករនិយោជិតបានមកធ្វើការដោយផ្ទាល់ជូនសហគ្រិន តាមរយៈកិច្ចសន្យាការងារជាមួយការិយភារី។ (សំណុំរឿងលេខ ០៣៩/១៧ ក្រុមប្រឹក្សាអាជ្ញាកណ្តាល)

លក្ខណៈពិសេសនៃទំនាក់ទំនងរវាងសហគ្រិន និងការិយភារីគឺជាការដាក់សហគ្រិនឲ្យទទួលខុសត្រូវជំនួសការិយភារី ក្នុងករណីដែលការិយភារីមិនបំពេញកាតព្វកិច្ចចំពោះកម្មករនិយោជិត ដែលបានជ្រើសរើសដោយការិយភារីនោះ។ យោងមាត្រា ៤៨ ក្នុងករណីដែលការិយភារីគ្មានប្រាក់ចេញឲ្យកម្មករនិយោជិត ឬក្នុងករណីដែលការិយភារីមិនបានបំពេញកាតព្វកិច្ចសព្វគ្រប់ សហគ្រិន ឬនាយកសហគ្រាសត្រូវតែយកខ្លួនជំនួសការិយភារី ដើម្បីបំពេញកាតព្វកិច្ចចំពោះកម្មករនិយោជិត។ ក្នុងករណីដែលកម្មករនិយោជិតខូចប្រយោជន៍ កម្មករនិយោជិតអាចប្តឹងដោយផ្ទាល់នឹងសហគ្រិនតែម្តង។ ប្រការ ១១ កថាខណ្ឌទី២ នៃប្រកាសអន្តរក្រសួង ចុះថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៧ ស្តីពីការអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្តមបន្ថែមសម្រាប់កម្មករនិយោជិតជាស្ត្រីនៅពេលសម្រាលកូន របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល តម្រូវឲ្យការិយភារីទាំងអស់ចុះបញ្ជីកម្មករនយោជិតដែលខ្លួនបានប្រើប្រាស់ ក្នុងបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីទទួលបានការថែទាំសុខភាព និងប្រាក់ឧបត្តមបន្ថែមនៅពេលសម្រាលកូន។ មាត្រា ១១ នៃប្រកាសដដែលបានកំណត់ដែរថា ក្នុងករណីដែលការិយភារីខកខានមិនបានបំពេញកាតព្វកិច្ចនេះទេ និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលបានចុះកិច្ចសន្យាជាមួយការិយភារីនោះ ត្រូវតែយកខ្លួនជំនួសការិយភារី ដើម្បីបំពេញកាតព្វកិច្ចចុះបញ្ជីកម្មករនិយោជិតដែលជ្រើសរើសដោយការិយភារីនោះ។ ការតម្រូវឲ្យសហគ្រិនទទួលខុសត្រូវជំនួសការិយភារីដែលមិនអនុវត្តកាតព្វកិច្ចរបស់ខ្លួនចំពោះកម្មករនិយោជិត អាចជាយន្តការមួយនៃការពារផលប្រយោជន៍របស់កម្មករនិយោជិត ក្នុងគោលបំណងបង្ការកុំឲ្យសហគ្រិនគេចវេសពីការទទួលខុសត្រូវតាមច្បាប់ការងារ តាមរយៈការប្រើប្រាស់ការិយភារីនេះ។

ដើម្បីឲ្យកម្មករនិយោជិតដឹងថានិយោជករបស់ខ្លួនគឺជាការិយភារីនៃសហគ្រាសមួយ និងដើម្បីអាចឲ្យកម្មករនិយោជិតស្វែងរកសហគ្រិន ច្បាប់ស្តីពីការងារ ត្រង់មាត្រា៤៩ តម្រូវឲ្យការិយភារីបិទប្រកាសបញ្ជាក់អំពីឋានៈរបស់ខ្លួននៅទីណាដែលគេងាយអាចអានបាន ដូចជានៅក្នុងរោងជាង ភណ្ឌាគារ ឬការដ្ឋានធ្វើការនិមួយៗ និងបិទនៅអាសយដ្ឋាននៃសហគ្រិន។ ចំណែកឯសហគ្រិនវិញ ត្រូវកាន់កាប់ជាទៀងទាត់នូវបញ្ជីនាមការិយភារីដែលខ្លួនបានចុះកិច្ចសន្យាជាមួយ។ បញ្ជីនេះត្រូវមានបញ្ជាក់នាម អាសយដ្ឋាន និងឋានៈនៃការិយភារី ព្រមទាំងស្ថានភាពនៃទីកន្លែងធ្វើការនីមួយៗ។ សហគ្រិនត្រូវប្រគល់បញ្ជីនេះជូនអធិការងារការងារក្នុងរយៈពេល ៧ថ្ងៃ ក្រោយពីថ្ងៃធ្វើកិច្ចសន្យាជួលការិយភារីនេះ។ ចំណែកឯសហគ្រាសកសិកម្ម សហគ្រិនត្រូវប្រគល់បញ្ជីនេះជូនអធិការការងារក្នុងរយៈពេល ១០ ថ្ងៃ ក្រោយពីថ្ងៃធ្វើកិច្ចសន្យាជួលការិយភារី។ (មាត្រា ៥០)

Categories Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

search previous next tag category expand menu location phone mail time cart zoom edit close