សេចក្តីសម្រេចរបស់ម្ចាស់ហ៊ុន (Resolution of Shareholders)

ការចាត់ចែងអាជីវកម្ម និងការងាររបស់ក្រុមហ៊ុនត្រូវបានប្រគល់ជូនក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ប៉ុន្តែកិច្ចការ ឬ សកម្មភាពសំខាន់ៗរបស់ក្រុមហ៊ុន ដែលមិនមែនជាប្រតិបត្តិការជាធម្មតារបស់ក្រុមហ៊ុន មានជាអាទិ៍ ដូចជា ការកែប្រែលក្ខន្តិកៈ ឬលុបចោលលក្ខន្តិកៈរបស់ក្រុមហ៊ុន ការលក់ទ្រព្យសម្បត្តិក្រុមហ៊ុនទាំងអស់ ឬ មួយភាគ ការរួមបញ្ចូលក្រុមហ៊ុន ការរំលាយ ឬជម្រះបញ្ជីក្រុមហ៊ុនជាដើម ត្រូវសម្រេចដោយម្ចាស់ហ៊ុន ។ សេចក្តីសម្រេចរបស់ម្ចាស់ហ៊ុន អាចធ្វើតាមរយៈការកោះប្រជុំមហាសន្និបាតម្ចាស់ហ៊ុន ឬ សេចក្តីសម្រេចជាលាយលក្ខណ៍អក្សរ។

អភិបាលទាំងឡាយរបស់ក្រុមហ៊ុនត្រូវកោះប្រជុំមហាសន្និបាតម្ចាស់ហ៊ុនប្រចាំឆ្នាំមិនឲ្យលើសពី១២ ខែ ក្រោយពីក្រុមហ៊ុននោះបានបង្កើតឡើងជាផ្លូវការ ហើយត្រូវកោះប្រជុំមហាសន្និបាត វិសាមញ្ញរបស់ម្ចាស់ហ៊ុន នៅពេលណាក៏បានតាមការចាំបាច់។ (ម.២០៦) សេចក្តីសម្រេចរបស់ ម្ចាស់ហ៊ុនមាន ២ ប្រភេទ គឺ សេចក្តីសម្រេចសាមញ្ញ និងសេចក្តីសម្រេចពិសេស។ សេចក្តី សម្រេចសាមញ្ញមានន័យថាជាសេចក្តីសម្រេចមួយត្រូវធ្វើឡើងដោយសម្លេងឆ្នោតភាគច្រើនដាច់ខាត ដែលបានចូលរួមក្នុងការបោះឆ្នោត ។ ឧទាហរណ៍ ការជ្រើសរើសអភិបាល (ម.១១៨) និងការតែងតាំងសវនករមួយរូបសម្រាប់ក្រុមហ៊ុន (ម.២២៩) ជាដើមត្រូវធ្វើឡើងតាមរយៈសេចក្តីសម្រេចសាមញ្ញរបស់ម្ចាស់ហ៊ុន។ ចំណែកឯសេចក្តីសម្រេចពិសេសមានន័យថាជាសេចក្តី សម្រេចមួយត្រូវធ្វើឡើងដោយសម្លេងឆ្នោតភាគច្រើន ២/៣ ដែលបានចូលរួមក្នុងការបោះឆ្នោត ឬពីការចុះហត្ថលេខារបស់សមាជិកភាគហ៊ុនទាំងឡាយដែលមានសិទ្ធិក្នុងការបោះឆ្នោតធ្វើសេចក្តីសម្រេចនោះ។ ឧទាហរណ៍ ការកែប្រែលក្ខន្តិកៈក្រុមហ៊ុន (ម.២៣៦) ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា (ម.២៤៥) ការរំលាយក្រុមហ៊ុន និងការជម្រះបញ្ជី (ម.២៥១-២៥២) ជាដើម ត្រូវធ្វើឡើយតាមរយៈសេចក្តីសម្រេចពិសេសរបស់ម្ចាស់ហ៊ុន។

សេចក្តីសម្រេចជាលាយលក្ខណ៍អក្សរដែលមានចុះហត្ថលេខារបស់ម្ចាស់ហ៊ុនទាំងអស់ដែលមានសិទ្ធិបោះឆ្នោតមានសុពលភាព ដូចគ្នានឹងសេចក្តីសម្រេចដែលបានអនុម័តនៅឯមហាសន្និបាត ម្ចាស់ហ៊ុនដែរ ។ សេចក្តីសម្រេចជាលាយលក្ខណ៍អក្សរទាក់ទងនឹងប្រធានបទទាំងឡាយដែលពាក់ព័ន្ធទៅនឹងមហាសន្និបាត ម្ចាស់ហ៊ុន ដែលបានចុះហត្ថលេខាដោយម្ចាស់ហ៊ុនដែលមានសិទ្ធិបោះឆ្នោតទាំងអស់ គឺរួចផុតអំពីលក្ខខណ្ឌតម្រូវនៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ដែលទាក់ទងទៅនឹងមហាសន្និបាតម្ចាស់ហ៊ុន។ (ម.២២១)

Published by Kanharith Nop

Kanharith Nop obtained a Degree of Doctor of Laws (Comparative Law) from Nagoya University, Japan in March 2013. His research interests and areas of practices include corporate law, employment and labor laws, contract laws and laws on securities of obligations.

Leave a Reply

error: Content is protected !!
Don`t copy text!
%d bloggers like this: